Saturday, March 17, 2012

(យុត្តធម៍នៅឆ្ងាយដូចជើងមេឃ ): តុលាការ​មិន​ឃាត់​ខ្លួន​ឈូក បណ្ឌិត​ទេ​បើ​ទោះ​បី​សារភាព​បាញ់​កម្មករ​ក្តី

អត្ថបទទាំងស្រុងពី គេហទំព័រ ភ្នំពេញ ប៉ុស្តិ៍
ស្វាយរៀងៈ តុលាការ​ខេត្ត​ស្វាយ​រៀង មិន​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ ដែល​ជា​អតីត​អភិបាល​ក្រុង​បាវិត ទៅ​តាម​ការ​ទទូច​របស់​ជន​រង​គ្រោះ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣២ និង​មជ្ឈ​ដ្ឋាន​ជាច្រើន​ទៀត​នោះ​ទេ បើ​ទោះ​បី​ជា​ជន​សង្ស័យ បាន​សារ​ភាព​ថា ខ្លួន​បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​ក្តី​។
លោក​ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់ ក្នុង​ការ​បាញ់​ប្រហារ​ ទៅ​លើ​កម្មករ ៣ នាក់ ឲ្យ​រង​របួស​ធ្ងន់ នៅ​ក្នុង​ការ​តវ៉ា​មួយ កាល​ពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ បាន​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​​ស្ងាត់​ៗ មុន​ពេល​កំណត់ ​នៅ​តុលាការ​ខេត្ត​ស្វាយរៀង កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​បាន​បាត់​ខ្លួន ចាប់​តាំង​ពី​ថ្ងៃ​បាញ់​ប្រហារ​នោះ​មក​។ តាម​ដី​ការ​របស់​តុលាការ ខេត្ត​ស្វាយរៀង លោក​ឈូក បណ្ឌិត ត្រូវ​ចូល​ទៅ​បំភ្លឺ នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង ​បាន​ថ្លែង​ថា ជនសង្ស័យ​ ឈូក បណ្ឌិត បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​រួច​ហើយ ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ គឺ​មួយ​ថ្ងៃ​មុន​ដីកា​កោះ​។​ លោក​ បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​សាក​សួរ​គាត់​រួច​ហើយ​ ព្រឹក​មិញ (ថ្ងៃ​ព្រហស្បតិ៍)។ គាត់​មក​ជាមួយ​មេធាវី។​ គាត់​ក៏​បាន​ទទួល​ស្គាល់​នូវ​ការ​បាញ់​នោះ តែ​គាត់​ឆ្លើយ​ពី​មូលហេតុ​ច្រើន​ណាស់ ខ្ញុំ​មិន​អាច​ប្រាប់​បាន​ទេ​»។
នៅ​ពេល​ដែល​សួរ​ថា ហេតុ​អ្វី​បាន​ជា​មិន​ព្រម​ឃាត់​ខ្លួន នៅ​ពេល​ជន​សង្ស័យ​សារភាព ពី​ការ​បាញ់​ប្រហារ ទៅ​លើ​កម្មករ​នោះ លោក​ព្រះរាជ​អាជ្ញា ហ៊ឹង ប៊ុនជា បាន​ឆ្លើយ​ថា៖«នេះ​ជា​សិទ្ធិ​របស់​ខ្ញុំ ក្នុង​ការ​មិន​ឃាត់​។ នេះ​មិន​ចាំបាច់​ផង​។​ ខ្ញុំ​ធ្វើ​ការ​អង្កេត​តាម​តែ​តួនាទី និង​នីតិវិធី»។
លោក ឈូក បណ្ឌិត​ មិន​អាច​ទាក់ទង សុំ​ការ​អធិប្បាយ​បាន​ទេ ពីម្សិលមិញ។ ចំណែក​លោក​ស្រី ម៉ៅ សំ​ពុទ្ធាវី មេធាវី​ការពារ​ក្តី​ឈូក​ បណ្ឌិត ​បាន​នៅ​ស្ងៀម​ នៅ​ពេល​ដែល​ប្រាប់​ថា ទូរស័ព្ទ​ពី​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍ មុន​នឹង​ហុច​ទូរស័ព្ទ ទៅ​ឲ្យ​បុរស​ម្នាក់​និយាយ​ថា ច្រឡំ​លេខ។ ភ្នំពេញ ​ប៉ុស្តិ៍​ បាន​ព្យាយាម​ទូរស័ព្ទ ទៅ​កាន់​លេខ​មួយ​ខ្សែ​ទៀត របស់​មេធាវី​រូប​នេះ​ប៉ុន្តែ​បុរស​ម្នាក់​បាន​ទទួល​ទៀត ដោយ​ប្រាប់​ថា​ ច្រឡំ​លេខ​នៅ​ពេល​ដែល​ប្រាប់​ថា ភ្នំ​ពេញ​ប៉ុស្តិ៍​។
លោក សំ ប្រជាមានិត នាយ​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា ក្នុង​ករណី​ព្រហ្មទណ្ឌ គឺជា​នីតិវិធី​របស់​ព្រះ​រាជ​អាជ្ញា​ ក្នុង​ការ​ឃាត់​ខ្លួន ឬ​មិន​ឃាត់​ខ្លួន។ លោក​ថ្លែង​ថា៖«បើ​ជន​សង្ស័យ​មាន​លំនៅដ្ឋាន​ ហើយ​​ប្រាកដ​ថា​ មិន​រត់​គេច​ខ្លួន​ និង​បាន​តម្កល់​ប្រាក់​នៅ​តុលាការ​ ដូច្នេះ​ជន​សង្ស័​យ​មិន​ត្រូវ​គេ​ចាប់​​ខ្លួន​ទេ»​។
កម្មការិនី ប៊ុត ចិន្តា ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ទម្លុះ​ដើម​ទ្រូង​ បាន​ថ្លែង​ថា ​នាង​មាន​អារម្មណ៍​មិន​ល្អ​ទេ ពេល​ឮ​ថា​ ជនសង្ស័យ ​មិន​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន នៅ​ពេល​ចូល​ទៅ​បំភ្លឺ​។ កញ្ញា​បាន​ថ្លែង​ថា៖ «ខ្ញុំ​ខឹង​ថា​​ បើ​គាត់ (ឈូក បណ្ឌិត)​​ បាញ់ ហេតុ​អ្វី​តុលាការ​ មិន​ចាប់​ខ្លួន​គាត់​។ អ្នក​ណា​ក៏​ដឹង​ថា គាត់​ជា​អ្នក​បាញ់​ខ្ញុំ​ និង​អ្នក​ផ្សេង​ដែរ។ ​ខ្ញុំ​ចង់​ឲ្យ​តុលាការ​រក​ខុស​ត្រូវ​រឿង​បាញ់​នេះ»។ នាង​បន្ត​ថា៖ «ខ្ញុំ​នៅ​តែ​បារម្ភពី​សុវត្ថិភាព​ខ្ញុំ ព្រោះ​គាត់​នៅ​មាន​សេរីភាព​នៅ​ឡើយ»។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ដែល​ភ្នំ​ពេញ​ ប៉ុស្តិ៍​ ទទួល​បាន កាល​ពី​ម្សិល​មិញ អង្គ​ការ​សង្គម​ស៊ី​វិល​ចំនួន ៣២ បាន​អំពាវ​នាវ​សូម​ឲ្យ​ផ្តល់​យុត្តិ​ធម៌ ដល់​កម្ម​ការិនី​វ័យ​ក្មេង​ ៣ នាក់​ ដែល​បាន​ទទួល​រង​នូវ​ការ​បាញ់​ប្រហារ ​នៅ​ក្រុង​បាវិត​។
អង្គ​ការ​សង្គម​ស៊ីវិល​ទាំង​នេះ បាន​ទាមទារ​ថា៖ «យើង​ទាំង​អស់​គ្នា សូម​ធ្វើ​ការ​អំពាវ​នាវ ដល់​អា​ជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់ សូម​ធ្វើ​ការ​ចាប់​ខ្លួន​ខ្មាន់​កាំ​ភ្លើង នៃ​អំពើ​បាញ់​ប្រហារ​យ៉ាង​ឃោរឃៅ នៅ​ក្រុង​បាវិត​»។ សេចក្តី​ថ្លែង​ការណ៍​ដដែល​បន្ត​ទៀត​ថា​៖«​យើង​សូម​អំពាវនាវ​ដល់​រាជ​ រដ្ឋាភិបាល​ត្រូវ​តែ​សម្តែង​នូវ ឆន្ទៈ​អនុវត្ត​ច្បាប់ ដើម្បី​ឲ្យ​ប្រាកដ​ថា ករណី​បាញ់​ប្រហារ​នេះ ជា​ឧទាហរណ៍​គំរូ​នៃ​ការ​អនុវត្ត​នីតិរដ្ឋ និង​សូម​កុំ​ឲ្យ​ករណី​នេះ ក្លាយ​ជា​ការ​បង្ហាញ ពី​និទ្ទណ្ឌភាព​មួយ​ថែម​ទៀត​នៅ​កម្ពុជា​»។
លោក សុក សំអឿន នាយក​ប្រតិបតិ្ត នៃ​ក្រុម​អ្នក​ច្បាប់ ​ការពារ​សិទិ្ធ​កម្ពុជា បាន​ថ្លែង​ថា ​ព្រះ​រាជ​អាជ្ញា​ អាច​ដោះ​លែង​ជន​សង្ស័យ តាម​បច្ចេក​ទេស ដោយ​មិន​ស្នើ​សុំ​ចៅក្រម​ស៊ើប​អង្កេត​ចាប់​ខ្លួន​ប្រសិន​បើ​គាត់​មាន គោល​បំណង​ចោទ​ប្រកាន់​ជន​សង្ស័យ ពី​បទ​បង្ក​របួស​ស្នាម។​ លោក​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​ ​បើ​គាត់​ប្រើ​កាំភ្លើង យើង​ហៅ​ថា កម្លាំង​រូប​កាយ​។ ប្រសិន​បើ​គាត់​បាញ់ ​ទោះ​បី​ចំ​ជើង​ក៏​ដោយ វា​អាច​បង្ក​ការខូច​ខាត​ធ្ងន់​ធ្ងរ»។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ថ្លែង​ថា ជា​ការ​បរាជ័យ​របស់​ព្រះ​រាជ​អាជ្ញា​ជា​ថ្មី​ម្តង​ទៀត​ ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ដែល​នេះ អាច​ជា​ភស្តុតាង​បន្ថែម​ទៀត​ នៃ​អំពើ​ពុក​រលួយ​ក្នុង​ករណី​នេះ​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ការ​ស៊ើប​ អង្កេត។ លោក​ថ្លែងថា៖​«ពួក​គេ​ពុំ​បាន​ខិត​ខំ​ធ្វើ​ការ​ស៊ើប​អង្កេត​ទេ ព្រោះ​បញ្ហា​ទាំង​មូល ត្រូវ​បាន​កំណត់​លទ្ធ​ផល​ជា​មុន​រួច​ទៅ​ហើយ​»។ លោក​បន្ត​ថា៖ «វា​ជា​ឧទាហរណ៍​យ៉ាង​ច្បាស់​មួយ​ទៀត ​នៃ​វប្បធម៌​និទ្ទណ្ឌភាព​ដែល​កំពុង​បន្ត​រីករាល​ដាល នៅ​ក្នុង​ប្រទេស​នេះ​»។
លោក អំ សំអាត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ អង្គការ​លីកាដូ បាន​ថ្លែង​ថា លោក ចង់​ឲ្យ​តុលាការ​ចាត់​វិធានការ ទៅ​តាម​ច្បាប់​លើ​ករណី​នេះ បើ​ទោះ​បី​ជា​មាន​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នៅ​ពី​ក្រោយ​ខ្នង​ក៏​ ដោយ​។ លោក ​បញ្ជាក់​ថា​៖ «តុលាការ​ត្រូវ​តែ​ឯករាជ្យ​ មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​ទេ​»​៕
រាយ​ការណ៍​បន្ថែម David Boyle

No comments:

Post a Comment