សូមបញ្ជាក់ថា អ្នកភូមិបុរី កីឡា នៅ តែបន្ត ធ្វើបាតុកម្ម ដើម្បី អោយ
ក្រុមហ៊ុន ផានអ៊ីមិច គោរព ពាក្យ សន្យា ដោយ សាងសាង អគារ ចំនួន ១០ ដែលខ្លួន
បានសន្យា ហើយ អ្នក ភូមិ ដែល ជាជនរងគ្រោះ បានព្រមានថា ពួកគេ នឹងធ្វើ
បាតុកម្មស្រាត នៅ ពី មុខ សាលាក្រុង ភ្នំពេញ ដើម្បី ទាមទារ អោយ រក ដំណោះ
ស្រាយ ជូនពួកគេ អោយបានឆាប់
អត្ថបទខាងក្រោមនេះ គឺ បានមកពី គេហទំព័រ អាស៊ីសេរី
ប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡា
បានបាត់លំនៅឋានដែលធ្លាប់រស់នៅជួបជុំក្រុមគ្រួសារអស់រយៈពេលជិត
បីខែមកហើយ មិនទាន់មានដំណោះស្រាយនៅឡើយ
ទោះបីជាប្រជាពលរដ្ឋបាននាំគ្នាឡើងតវ៉ាទាមទារសំណងឲ្យអាជ្ញាធរ
ពាក់ព័ន្ធជួយរកដំណោះស្រាយរហូតដល់បាននាំគ្នាបិទផ្លូវសាធារណៈ
យ៉ាងណាក៏ដោយ។
អ្នកភូមិបុរីកីឡាបានផ្លាស់ប្ដូរវិធីសាស្ត្រទាមទាររបស់ខ្លួន
បន្ទាប់ពីពួកគាត់បានបរាជ័យលើការស្នើសុំយុត្តិធម៌ពីស្ថាប័ន
ពាក់ព័ន្ធនោះ មករកវិធីដោះស្រាយតាមប្រព័ន្ធតុលាការវិញម្ដង
ដោយពួកគេបានដាក់ពាក្យប្ដឹងក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex)
ទៅតុលាការ។
អ្នកភូមិបុរីកីឡាប្រមាណ ៥០នាក់
បាននាំគ្នាទៅមុខសាលារាជធានីភ្នំពេញ
ដើម្បីជំរុញឲ្យតុលាការចាត់ការបណ្ដឹងរបស់ពួកគាត់ឲ្យបានឆាប់រហ័ស
នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២
នៅគ្រាដែលពួកគាត់កំពុងប្រឈមនឹងបញ្ហាគ្មានលំនៅឋាន
ដោយសារតែក្រុមហ៊ុនផានអ៊ីម៉ិច បានឈូសឆាយកម្ទេចផ្ទះពួកគាត់ចោលនោះ។
តំណាងអ្នកភូមិមួយរូបឈ្មោះ ជុំ ង៉ាន់
បានរៀបរាប់បន្ទាប់ពីចូលជួបលោក ហុង ប៊ុនហ៊ួ
ជាក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមីនា ថា
តុលាការកំពុងតែពិនិត្យមើលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ
ហើយគេសន្យាថា
តុលាការនឹងឲ្យប្រជាពលរដ្ឋដឹងវិញអំពីដំណើរការនីតិវិធីនេះ។
ទោះបីជាយ៉ាងនេះក្ដី អ្នកស្រីអះអាងថា
តុលាការមិនបានកោះហៅរូបគាត់ទៅសាកសួរទេ
ពួកគាត់បានទៅសួរតុលាការអំពីបណ្ដឹងរបស់ខ្លួនទៅវិញទេ៖ «ធ្វើម៉េចរកយុត្តិធម៌ឲ្យពួកខ្ញុំទាំងអស់គ្នាផង»។
អ្នកភូមិបុរីកីឡាជិត ១០០គ្រូសារ
បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ
ចំនួនពីរផ្សេងគ្នា គឺទី១ បណ្ដឹងរដ្ឋប្បវេណី
អ្នកភូមិបានដាក់ទៅតុលាការ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២
ប្ដឹងអ្នកស្រី ស៊ុយ សុផាន ជាប្រធានក្រុមហ៊ុនផានអ៊ីម៉ិច
ពីបទឲ្យក្រុមហ៊ុនគោរពកិច្ចសន្យាសាងសង់អាគារចំនួន១០។
បណ្ដឹងទី២ គឺជាបណ្ដឹងព្រហ្មទណ្ឌ
អ្នកភូមិដាក់ទៅតុលាការកាលពីថ្ងៃទី៦ ខែមីនា ប្ដឹងអ្នកស្រី ស៊ុយ
សុផាន ពីបទធ្វើឲ្យខូចខាតដោយចេតនាបង្កអំពើហិង្សាមានស្ថានទម្ងន់
ការប៉ះពាល់កម្មសិទ្ធិលំនៅឋានស្របច្បាប់ បង្ករបួសស្នាមដល់រាងកាយ
ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់។
ទាក់ទងទៅនឹងបញ្ហានេះ ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច អ្នកស្រី ស៊ុយ
សុផាន មិនធ្វើអត្ថាធិប្បាយទេនៅថ្ងៃទី១២ ខែមីនា
ដោយអ្នកស្រីប្រាប់ថា កំពុងជាប់ប្រជុំ។
មេធាវីការពារក្ដីឲ្យអ្នកភូមិបុរីកីឡានៃមជ្ឈមណ្ឌលអប់រំច្បាប់
សំរាប់សហគមន៍ លោក យិន សាវ៉ាត មានប្រសាសន៍ថា
បណ្ដឹងរដ្ឋប្បវេណីដែលអ្នកភូមិបានប្ដឹងក្រុមហ៊ុនផានអ៊ីម៉ិននោះ
គិតពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែមីនា នេះ មានរយៈពេល
១ខែហើយ ដូច្នេះតុលាការគួរតែចាត់ការលើបណ្ដឹងនេះ។
លោក យិន សាវ៉ាត៖ «តាមក្រមនីតិវិធីរដ្ឋប្បវេណីបានចែងថា
នៅពេលបណ្ដឹងរដ្ឋប្បវេណីដាក់ចូលទៅតុលាការ
យ៉ាងយូរមួយខែតុលាការត្រូវធ្វើនីតិវិធីត្រៀម
អ៊ីចឹងបើហួសពីមួយខែ តុលាការមិនចាត់ការ
តុលាការមិនអនុវត្តក្រមហ្នឹង»។
ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ លោក ហុង ប៊ុនហ៊ួ
មិនធ្វើអធិប្បាយជុំវិញករណីនេះទេ នៅថ្ងៃច័ន្ទ ទី១២ ខែមីនា។
លោកប្រាប់ថា ជាប់រវល់ប្រជុំ។
អ្នកភូមិបុរីកីឡាបាននាំគ្នាទៅឈរនៅមុខសាលាដំបូងរាជធានី
ភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមីនា
គេសង្កេតឃើញមានអ្នកខ្លះបីកូនខ្ចីទៅជាមួយផងនោះ
ពួកគេសម្រក់ទឹកភ្នែកនៅមុខតុលាការ
និងបានទាមទាររកយុត្តិធម៌ពីតុលាការ ហើយប្រាប់ថា
ពួកគាត់គ្មានផ្ទះរស់នៅទេ
បន្ទាប់ពីក្រុមហ៊ុនបានឈូសផ្ទះរបស់ពួកគាត់កាលពីថ្ងៃទី៣ មករា
ឆ្នាំ២០១២ មក។
ស្ត្រីមួយរូបឈ្មោះ ព្រំ ពេជ្រ មានអាយុ ៧០ឆ្នាំ
បានរៀបរាប់ទាំងបង្ហូរទឹកភ្នែកនៅមុខអគារតុលាការថា
រូបគាត់បាត់បង់អ្វីៗទាំងអស់
បន្ទាប់ពីក្រុមហ៊ុនបានទៅឈូសកម្ទេចផ្ទះរបស់គាត់ចោល ពីព្រោះថា
ទ្រព្យសម្បត្តិ និងផ្ទះដែលធ្លាប់រស់នៅជាង ៣០ឆ្នាំមកនោះ
ត្រូវបានខូចខាតទាំងអស់។
បន្ថែមពីលើនេះទៀត លោកស្រីបញ្ជាក់ថា
នៅគ្រាដែលគាត់គ្មានសេសសល់ទ្រព្យសម្បត្តិអ្វីបន្តិចនោះ
លោកស្រីមានជំងឺលើសឈាម និងទឹកនោមផ្អែមទៀត៖ «អង្ករក៏គ្មាន លុយក៏គ្មាន។ ខ្ញុំដើរខ្ចីគេអ្នកនេះមួយម៉ឺនអ្នកនោះ ៥ពាន់រៀល»។
ទាក់ទងទៅនឹងអ្នកភូមិទាមទាររកយុត្តិធម៌ពីតុលាការនេះ
អង្គការសិទ្ធិមនុស្សមួយចំនួនបានរិះគន់ថា
តុលាការកម្ពុជាមិនយុត្តិធម៌នោះឡើយ។ រាល់ការទាមទាររកយុត្តិធម៌នោះ
គេសង្កេតឃើញអ្នកភូមិស្រែកឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជួយអន្តរាគមន៍។
ទាក់ទងទៅនឹងករណីនេះ អ្នកវិភាគនយោបាយបានលើកឡើងថា
វាជាបញ្ហាទ័លច្រករបស់ប្រជាពលរដ្ឋ
ដែលគាត់អស់សង្ឃឹមលើប្រព័ន្ធតុលាការ
និងបញ្ហាមិនយល់ច្បាប់របស់ប្រជាពលរដ្ឋ ពីព្រោះថា
ស្ថាប័នតុលាការជាស្ថាប័នអនុវត្តច្បាប់
និងត្រូវបង្ហាញអំពីភាពឯករាជ្យរបស់ខ្លួន។
តុលាការមិនត្រូវចាត់ការតែលើបណ្ដឹងរបស់ក្រុមហ៊ុន
ហើយបណ្ដឹងរបស់ប្រជាពលរដ្ឋគេមិនចាត់ការនោះទេ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានពន្យល់ដូច្នេះ៖ «បញ្ហា
ដីធ្លីនេះវាក្លាយទៅជាជំងឺមហារីកនៅក្នុងសង្គមកម្ពុជា
ហើយដំបៅមហារីកនេះ គេអាចវះកាត់នៅក្នុងរយៈពេល ៥ឆ្នាំម្ដង
ថាតើយើងត្រូវទុកតុលាការដូច្នេះទៀតដែរ ឬទេ?»។
លោកបណ្ឌិត សុខ ទូច បានបន្ថែមថា ករណីបុរីកីឡានេះ
រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវលើការអភិវឌ្ឍរបស់ក្រុមហ៊ុន
ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនេះ
បើសិនជារដ្ឋាភិបាលមិនទទួលខុសត្រូវទេ មានន័យថា
ក្រុមហ៊ុនមានតួនាទីជារដ្ឋទៅវិញ
ដូច្នេះវាផ្ទុយទៅនឹងនីតិវិធីច្បាប់។
លោកបណ្ឌិត សុខ ទូច៖ «ប្រជាជនមិនមែនសត្វធាតុទេ
ពីព្រោះយើងរស់ទាំងអស់គ្នាក្រោមសំណាញ់ច្បាប់
អ៊ីចឹងយើងគោរពច្បាប់នៅក្នុងការរស់នៅ។ ចំណុចទីបី
រដ្ឋមានតួនាទីជាអ្នកគ្រប់គ្រងប្រជាជន នៅក្នុងរដ្ឋបាលសាធារណៈ
រដ្ឋត្រូវតែចេញមុខដោះស្រាយដែលក្រុមហ៊ុនបានធ្វើខុសកិច្ចសន្យា»។
បញ្ហាជម្លោះរវាងអ្នកភូមិបុរីកីឡា និងក្រុមហ៊ុននេះ
សាលារាជធានីភ្នំពេញ
ដែលជាអ្នកទទួលខុសត្រូវលើការអនុញ្ញាតឲ្យក្រុមហ៊ុនផានអ៊ីម៉ិច
អភិវឌ្ឍតំបន់បុរីកីឡានោះ បានចេញថ្លែងការណ៍មួយកាលពីថ្ងៃទី១១
ខែមីនា ដែលគេបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួន។
សេចក្ដីថ្លែងការណ៍មានចំណងជើងថា "ភាពចាប់អារម្មណ៍ខ្ពស់
និងការយកចិត្តទុកដាក់របស់អាជ្ញាធរ" បានសរសេរថា៖
នៅទីបំផុតទាំងអស់គ្នាហាក់ដូចជាបានឈានទៅដល់ភាពប្រកបដោយ
វិចារណញ្ញាណ ជាពិសេសអ្នកតស៊ូមតិ
និងអ្នកសិទ្ធិមនុស្សជ្រុលនិយមមួយចំនួន។
សេចក្ដីថ្លែងការណ៍ដដែលបានស្រង់សម្ដីលោក អំ សំអាត ជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ ថា "យើង
គប្បីវិលទៅរកវិធានការប្រកបដោយសន្តិវិធី
ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានដោយភាគីទាំងអស់
ហើយចៀសអំពើហិង្សា"។
សេចក្ដីថ្លែងការណ៍នោះបានឲ្យដឹងទៀតថា
អាជ្ញាធរបានបង្ហាញឲ្យឃើញនូវភាពចាប់អារម្មណ៍ខ្ពស់តាមផ្លូវ
រដ្ឋបាល ដោយបានដោះលែងអ្នកភូមិបុរីកីឡាចំនួន ៧នាក់
ឲ្យនៅក្រៅឃុំកាលពីខែកុម្ភៈ កន្លងទៅ។
ហើយនេះជានយោបាយរបស់រដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលសាលារាជធានីភ្នំពេញ
មានភារកិច្ចស្វែងរកតម្លាភាពមួយរវាងអាជ្ញាធរ
និងប្រជាពលរដ្ឋក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ
ហើយសាលារាជធានីភ្នំពេញ ស្វាគមន៍ចំពោះការដោះស្រាយដោយសន្តិវិធី
តាមរយៈទំនាក់ទំនងល្អ និងការចរចា ប្រសិនបើមានការចាំបាច់។
ទាក់ទងទៅនឹងបញ្ហានេះ
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបានលើកហេតុផលថា ដើម្បីបង្ហាញថា
កម្ពុជា ជាប្រទេសនីតិរដ្ឋពិតប្រាកដ សាលារាជធានីភ្នំពេញ
ឬរដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហាអ្នកភូមិបុរីកីឡាឲ្យមាន
តម្លាភាព ដូចជាឲ្យក្រុមហ៊ុនអនុវត្តកិច្ចសន្យារបស់ខ្លួន ដែលសន្យាថា
ក្រុមហ៊ុនសង់អាគារចំនួន ១០ ជូនប្រជាពលរដ្ឋ ពិសេសទៅទៀត នៅខណៈកម្ពុជា
ជាប្រទេសធ្វើជាប្រធានអាស៊ាន
រដ្ឋាភិបាលត្រូវលាតត្រដាងអំពីគំរូល្អរបស់ខ្លួន
តាមរយៈផ្ដល់ភាពយុត្តិធម៌នៅក្នុងសង្គម
និងផ្ដល់តំលៃស្មើគ្នាចំពោះប្រជាពលរដ្ឋទូទៅ
ដើម្បីឆ្លុះបញ្ចាំងអំពីគំរូល្អទាំងនេះទៅដល់ប្រទេសជាសមាជិក
អាស៊ានរបស់ខ្លួន។
អ្នកភូមិបុរីកីឡាប្រមាណ ១០០នាក់ ធ្លាប់បានបិទផ្លូវលេខ ២១១
ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២
ដើម្បីទាមទារអោយក្រុមហ៊ុនផានអ៊ីម៉ិច
សង់អាគារឲ្យគ្រប់ចំនួនទៅតាមកិច្ចសន្យាជាមួយប្រជាពលរដ្ឋ។
អ្នកវិភាគឯករាជ្យបានបញ្ជាក់ថា
បញ្ហានេះតុលាការត្រូវតែចាត់ការបណ្ដឹងរបស់ប្រជាពលរដ្ឋ
ដោយផ្អែកលើច្បាប់ស្ដីពីកិច្ចសន្យា ដើម្បីរកខុសត្រូវថា
តើភាគីក្រុមហ៊ុន ឬភាគីប្រជាពលរដ្ឋជាអ្នកមិនគោរពច្បាប់?
ទោះជាយ៉ាងណា ក្រុមប្រជាពលរដ្ឋបានព្រមានថា
បើសិនជាតុលាការមិនចាត់ការបណ្ដឹងរបស់ពួកគាត់ទេ
ពួកគាត់នឹងមកឈរស្រាតសំលៀកបំពាក់នៅមុខតុលាការនៅពេលខាងមុខ
រហូតដល់តុលាការរកយុត្តិធម៌ជូនពួកគាត់៕
No comments:
Post a Comment