Tuesday, March 27, 2012

កាសែតអូស្រ្តាលី ចោទ លោក ហ៊ុន តូ ជាមេខ្លោង ជួញ ដូរគ្រឿងញៀន និង លាងលុយ កខ្វក់

អត្ថបទទាំងស្រុង ពី  ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ លោក ហ៊ុន តូ ក្មួយ ​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​ជា​ កូន​ប្រុស​លោក ហ៊ុន ណេង អភិបាល​ខេត្ត​ កំពង់ចាម បាន​ចេញ​មុខ​ច្រាន ​ចោល និង​គំរាម​ដាក់​ ពាក្យ​បណ្តឹង ​ទៅ​កាន់​ ក្រសួង​មហាផ្ទៃ​ និង​ ស្ថាន​ទូត​អូស្ត្រាលី​ ចំពោះ​ ការ​ចុះ ​ផ្សាយ អត្ថបទ​ មួយ​ក្នុង​ កាសែត ឌឹ អេជ (The Age) ​របស់​ អូស្ត្រាលី ដែល​ថា លោក​ជាប់​ ពាក់ព័ន្ធ​ នឹង​ឧក្រិដ្ឋ កម្ម​គ្រឿង​ញៀន​ហេរ៉ូអ៊ីន និង​ ការ​លាង​ លុយ​កខ្វក់។ លោក ហ៊ុន តូ​ បាន​ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ កាល ​ពី​ថ្ងៃ​ម្សិលមិញ​ថា លោក​ទើប​បាន​ដឹង​ពី​ដំណឹង​នេះ​ ហើយ​គ្រោង​ប្តឹង​បក​ប្រឆាំង​នឹង​កាសែត​អូស្ត្រាលី​មួយ​នេះ​។ លោក​ថ្លែង​ថា៖ «វាមិន​សម ហើយ​ចេះ​តែ​ចោទ​ផ្តេសផ្តាស​។​ ថ្ងៃ​នេះ​ (​ចន្ទ) ម៉ោង ​៣​ រសៀល ខ្ញុំ​នឹង​ជួប​ឯកឧត្តម​ ខៀវ សុភ័គ ដើម្បី​ដាក់​ពាក្យ​​ទៅក្រសួង​មហាផ្ទៃ​មួយ​ ហើយ​ទីពីរ​ ខ្ញុំ​នឹង​ដាក់​ពាក្យ​
បណ្តឹង​នេះ​ទៀត​ ទៅ​កាន់​ស្ថាន​ទូត​អូស្ត្រាលី។ ខ្ញុំ​នឹង​រក​មេធាវី​បរទេស នៅ​អូស្ត្រាលី​ ដើម្បី​ធ្វើ​ការ​រឿង​នេះ សុំ​ឲ្យ​កាសែត​នេះ​ បង្ហាញ​ភស្តុតាង​ថា ខ្ញុំ​ពាក់ព័ន្ធ​រឿង​នោះ»។ លោក​ ហ៊ុន តូ បាន​បន្ត​ថា ៖ «​អ្នក​ឯង​ជា​កាសែត​ក្នុង​ប្រទេស​មាន​ច្បាប់​។ អ្នក​ឯង​ត្រូវ​តែ​បង្ហាញ​ភស្តុតាង។​ ប្រទេស​យើង​ ក៏ជា​ស្រុក​មាន​ច្បាប់​ដែរ​ បើ​ខ្ញុំ​ពាក់ព័ន្ធ​ មិន​ចាំបាច់​អូស្ត្រាលី​ចាប់​ទេ នាយករដ្ឋ​មន្ត្រី​យើង​ឲ្យ​គេ​ចាប់​ខ្ញុំ ក្នុង​ប្រទេស​នេះ​ហើយ​»​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ហ៊ុន តូ មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ពេល​វេលា​ជាក់​លាក់ ក្នុង​ការ​ដាក់​ពាក្យ​ប្តឹង​នោះ​ទេ​។ លោក ហ៊ុន តូ បាន​ឲ្យ​ដឹង​ថា របរ​រកស៊ី​របស់​លោក​ នៅ​ក្នុង​ប្រទេស​ខ្មែរ​ មាន​ក្រុមហ៊ុន​រក​ស៊ី​ប្រេង​ និង​ជំនួញ​កាស៊ីណូ ដែល​មាន​តាំង​ពី​ឆ្នាំ​ ២០០៧​ មក​។ ប្រតិកម្ម​របស់​ឧកញ៉ា ហ៊ុន តូ កើត​ឡើង​ បន្ទាប់​ពី​មាន​កាសែត ឌឹ អេជ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​លោក​ហ៊ុន តូ ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋជន​រក​ស៊ី​ជួញដូរ​គ្រឿង​ញៀន​ហេរ៉ូអ៊ីន​និង​លាង​លុយ​កខ្វក់ ហើយ​នគរបាល​ជាតិ​អូស្រ្តាលី បាន​រៀបចំ​គម្រោង​ចាប់​ខ្លួន​លោក​ហ៊ុន តូ ក្នុង​ទីក្រុង​មែលប៊ន​។ ប៉ុន្តែ​គម្រោង​នេះ​ ត្រូវ​អាក់​ខាន​ដោយ​សារ​ស្ថានទូត​អូស្ត្រាលី​នៅ​ភ្នំពេញ បាន​បដិសេធ ​មិន​ផ្តល់​ទិដ្ឋាការ ដោយ​អះអាង​ថា ជា​ការ «​ចៀសវាង​ឧប្បតិ្ត​ហេតុ​ខាង​ការ​ទូត» រវាង​ប្រទេស​កម្ពុជា និង​អូស្ត្រាលី​។ ទោះ​យ៉ាង​ណា លោក ហ៊ុន តូ ក៏​បាន​ប្រាប់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​ ២០០៣​ ទិដ្ឋាការ​ចេញ-ចូល​អូស្ត្រាលី​របស់់​លោក ​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ឡើយ ដោយ​រដ្ឋាភិបាល​អូស្ត្រាលី បាន​សង្ស័យ​ថា លោក​បាន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​ ប៉ុន្តែ​ បញ្ហា​នោះ​ ត្រូវ​បាន​បកស្រាយ​ចប់​អស់​ហើយ​ ហើយ​មក​ដល់​ពេល​នេះ លោក​បាន​ចេញ​ចូល​ទៅ​ប្រទេស​អូស្ត្រាលី​ជា​ធម្មតា​ ដើម្បី​ទៅ​លេង​កូន​ៗ​ ដែល​មាន​សញ្ជាតិ​អូស្ត្រាលី​ផង​ដែរ​។ លោក​បាន​បន្ត​ថា​៖«ឥឡូវ​គ្មាន​គេ​បដិសេធ​វីសា​អី​ទេ។ ខ្ញុំ​បាន​ទៅ​អូស្ត្រាលី​កាល​ពី​បី​បួន​ខែ​មុន​។ ពីរ​ឆ្នាំ​មុន​ គេ​ធ្លាប់​ផ្តល់​សញ្ជាតិ​អូស្ត្រាលី​ឲ្យ​ខ្ញុំ​ តែ​ខ្ញុំ​អត់​យក​។ កាន់​ប៉ាស្ព័រ​(លិខិត​ឆ្លងដែន)​ខ្មែរ​យើង​ ទៅ​ទីណា​ក៏​បាន។ ម្យ៉ាង​ខ្ញុំ​ក៏​ពាក់ព័ន្ធ​ជាមួយ​គ្រួសារ​អ្នក​នយោបាយ​ជាន់​ខ្ពស់​។ កាន់​ប៉ាស្ព័រ​គេ​អត់​ល្អ​ទេ។​ ខ្ញុំ​ចេញ​ចូល​អូស្ត្រាលី​រហូត​មក»។ ស្ថាន​ទូត​អូស្រ្តាលី​ ប្រចាំ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា៖ «ខ្លួន​យល់​អំពី​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កាល​ពី​ពេល ​ថ្មី​ៗ​ស្តី​ពី​ការ​ស៊ើប​អង្កេត​ទៅ​លើ​បណ្តាញ​ជួញ​ដូរ​ថ្នាំ​ញៀន​នៅ​ក្នុង​តំបន់ ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​ដែល​សង្ស័យ​ថា បាន​កើត​មាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​»។ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ម្នាក់ បាន​ថ្លែង​ថា៖ «វា​មិន​សម​ស្រប​នោះ​ទេ សម្រាប់​ស្ថាន​ទូត​ ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ ស្តី​ពី​បញ្ហា​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ របស់​បុគ្គល​ណា​ម្នាក់ ឬ​បញ្ហា​​ការ​អនុវត្ត​ច្បាប់​»។ អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា៖«​នគរបាល​សហព័ន្ធ​អូស្រ្តាលី បាន​អះ​អាង​ថា ​ខ្លួន​មិន​កំពុង​ធ្វើ​ការ​​ស៊ើប​អង្កេត​លើ​លោក​ ហ៊ុន តូ​ នោះ​ទេ​» ប៉ុន្តែ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​ឡើយ​​។​ គណៈ​កម្មាការ​ឧក្រិដ្ឋ​កម្ម​អូស្រ្តាលី ក៏​ដូច​គ្នា​នេះ​ដែរ បាន​ថ្លែង​ថា ​ខ្លួន​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​ប្រតិបត្តិការ នៃ​គណៈ​កម្មាធិការ​នេះ​ទេ។ កាសែត ឌឹ អេជ ក៏​បាន​សរសេរ​ដែរ​ថា​ បុរស​ឈ្មោះ ផែននី ថៃ ជា​បក្ខពួក​របស់​លោក ហ៊ុន តូ​ ត្រូវ​បាន​​នគរបាល​ប្រទេស​អូស្រ្តាលី​ចោទ​ប្រកាន់​រឿង​ជួញ​ដូរ​គ្រឿង​ញៀន​ នេះ។ ប៉ុន្តែ​លោក​ហ៊ុន តូ បាន​បដិសេធ​ថា លោក​មិន​ស្គាល់​បុរស​ឈ្មោះ ផែននី ថៃ នោះ​ទេ​។ លោក ហ៊ុន ណេង​ ឪពុក​របស់​លោក ហ៊ុន តូ និង​ជា​អភិបាល​ខេត្ត​កំពង់ចាម ​បាន​ថ្លែង​ថា កូន​ប្រុស​លោក គ្មាន​មុខ​របរ​ឧក្រិដ្ឋកម្ម​បែប​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ ប៉ុន្តែ​លោក​បាន​រំឭក​ថា ភរិយា​លោក ហ៊ុន តូ ដែល​មាន​បង​ប្រុស​ថ្លៃ​ នៅ​អូស្ត្រាលី ធ្លាប់​ត្រូវ​នគរបាល​ប្រទេស​នោះ​ចាប់​ដាក់​ពន្ធនាគារ ពី​រឿង​ជួញ​ដូរ​គ្រឿង​ញៀន​។ លោក​និយាយ​ថា៖ «​កូន​ខ្ញុំ​ មិន​ដែល​រក​ស៊ី​បញ្ហា​នោះ​ទេ។ តាម​ខ្ញុំ​នៅ​ចាំ​ កាល​ពី​ឆ្នាំ​២០០០ ប្រពន្ធ​តូ បាន​ប្រើ​លេខ​ទូរស័ព្ទ​គាត់​(ហ៊ុន តូ) តេ​ទៅ​លេង​បង​ថ្លៃ​ ដែល​មាន​ពាក់​ព័ន្ធ​គ្រឿង​ញៀន​។ អ៊ីចឹង​ពេល​គេ​ចាប់​គាត់​(បង​ថ្លៃ​)នៅ​អូស្ត្រាលី ប៉ូលិស​ក៏​រក​ឃើញ​លេខ​គាត់​(ហ៊ុន តូ) ធ្លាប់​ទាក់​ទង​ទៅ​បង​ថ្លៃ​នោះ។ នោះ​ជា​លេខ​ទូរស័ព្ទ​ ហ៊ុន តូ​។ តែ​បញ្ហា​នេះ បាន​ដោះស្រាយ​ចប់​ហើយ ស្ថានទូត​ក៏​បាន​ដឹង​ដែរ»។ លោក​បាន​បន្ត​ថា៖ «​មុខរបរ​របស់​ហ៊ុន តូ គឺ​ជំនួញ​ក្រុមហ៊ុន​នាំ​ប្រេង​ចូល​ ហើយ​ជា​អ្នក​រក​ស៊ី​ដី​ធ្លី​ផង​ដែរ​។ គាត់​មាន​ងារ​ជា ឧកញ៉ា»។ លោក ខៀវ សាម៉ន នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ក្រសួង​មហាផ្ទៃ បាន​បដិសេធ​មិន​ផ្តល់​អធិប្បាយ​លើ​បញ្ហា​នេះ​ទេ​។ លោក ខៀវ​ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ថ្លែង​ថា លោក​បាន​ជួប​ជាមួយ​លោក​មេធាវី​របស់ ឧកញ៉ា ហ៊ុន តូ ដើម្បី​ពិភាក្សា ពី​ការ​ដាក់​ពាក្យ​ប្តឹង​ កាសែត​អូស្ត្រាលី​មួយ​នេះ មក​កាន់​ក្រសួង​របស់​លោក​។ លោក​ថ្លែង​ថា៖ ខ្ញុំ​បាន​ពិនិត្យ​មើល​ព័ត៌មាន​នេះ​ហើយ​ វា​មិន​ពិត​ទេ​។ ឈ្មោះ​ ហ៊ុន តូ​ អត់​មាន record​ (កំណត់​ត្រា​) ថា​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ទេ​ ហើយ​ឈ្មោះ​គាត់ ក៏​អត់​មាន​ក្នុង​បញ្ជី​ខ្មៅ​បណ្តាញ​គ្រឿង​ញៀន​សកល​អី​ដែរ​»។ លោក​បន្ត​ថា៖ «បើ​មាន​មែន​ សមត្ថកិច្ច​អូស្ត្រាលី​ នឹង​ទាក់ទង​មក​សមត្ថកិច្ច​កម្ពុជា​ ពីព្រោះ​យើង​ធ្វើ​ការ​ជាមួយ​គ្នា​យ៉ាងស្និទ្ធ​ លើ​ការ​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន»។ ​បន្ទាប់​ពី​ជំនួប​ជាមួយ ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង កាល​ពី​ព្រឹក​ម្សិលមិញ លោក បបខារ (Bob Carr) រដ្ឋ​មន្ត្រី​ការ​បរទេស​ប្រទេស​អូស្ត្រាលី បាន​បដិសេធ​មិន​ផ្តល់​អធិប្បាយ​ ពី​ព័ត៌មាន ពាក់​ព័ន្ធ​នឹង​ករណី​ក្មួយ​ប្រុស ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នេះ​ទេ​ ដោយ​និយាយ​ថា៖ «ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ពី​ដំណឹង​នេះ​ទេ​ ហើយ​ខ្ញុំ​ក៏​នឹង​មិន​ផ្តល់​អធិប្បាយ​លើ​ករណី ​នៃ​បញ្ហា​ការ​អនុវត្ត​ច្បាប់​ដែរ»។ នៅ​ក្នុង​របាយការណ៍​ជា​បន្ត​បន្ទាប់​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ របស់​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភព​លោក គ្លូប​លវីតណេស ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុង​ដ៍​ ប្រទេស​អង់គ្លេស​ បាន​រាយការណ៍​ថា លោក​ហ៊ុន តូ គឺ​ជា​អ្នក​រក​ស៊ី​កាប់​ឈើ ដ៏​មាន​អំណាច​ធំ​មួយ ​ដែល​បាន​ធ្វើ​ឲ្យ​វិនាស​អន្តរាយ​ដល់​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​នៅ​ពេល​នោះ លោក​ហ៊ុន តូ ក៏​បាន​ច្រាន​ចោល​សេច​ក្តី​រាយការណ៍​នោះ​ផង​ដែរ៕

No comments:

Post a Comment