Thursday, April 12, 2012

កុំភ្លេចអាន : “​មិន​ឲ្យ​ធីប​? ខាត​បី​ពាន់​! ប្រធានាធិបតី ហ៊ូ ចិត្តល្អ​ណាស់ ហេតុអ្វី​អ្នកឯង​កំណាញ់​ម្ល៉េះ​?”

Give our kids a better deal ជាអត្ថបទដែលគួរអោយចាប់ អារម្តណ៌ ដែល ផ្សាយ ក្នុង គេហទំព័រ CEN ម្សិលមិញ ខ្ងុំ សូមលើកយក ទាំងស្រុង ដូចខាងក្រោម
សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ និងលោក ហ៊ូ ជិនតាវ នាពេលកន្លងមក (រូបថត ស៊ីវ ចាន់ណា)
ភ្នំពេញ: ​វា​ជាការ​បំពាន​ទៅនឹង​សីលធម៌​យ៉ាងខ្លាំង ដែល​បាន​ព្រឹ​ត្ត​ឡើង​ដោយ​មន្ត្រី​គយ​ចំនួន​ពីរ​នាក់ ប្រចាំការ​នៅឯ​ព្រលានយន្តហោះ​ក្រុង​សៀមរាប គឺ​ពួកគេ​បាន​ព្រួត​គ្នា​ប្រើ​ហិង្សា​ទៅលើ​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែលជា​ភ្ញៀវទេសចរ ដោយសារតែ​ស្ត្រី​រូបនោះ​មិន​ព្រម​បង់លុយ​ទឹកតែ​ចំនួន​ជាង ១០ ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ ទៅ​ពួក​មន្ត្រី​គយ​ដែល​ប្រចាំការ​ឯ​ព្រលានយន្តហោះ​នោះ មុននឹង​ចាកចេញ​ពី​ព្រលាន​។ អំពើហិង្សា​នោះ​បណ្តាល​ឲ្យ​ស្ត្រី​ចិន​របូត​សម្លៀកបំពាក់ ខណៈដែល​ប្រតាយប្រតប់​ជាមួយ​មន្ត្រី​គយ​ទាំងពីរ​នាក់​នោះ ហើយ​ព្រឹត្តិការណ៍​នោះដែរ ក៏មាន​មន្ត្រី​គយ​ម្នាក់ទៀត​បាន​ថត​រូបភាព​វីដេអូ នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១២​។​

​មន្ត្រី​គយ​ម្នាក់ នៅ​ព្រលានយន្តហោះ​ក្រុង​សៀមរាប ដែល​សុំ​មិន​ឲ្យ​ចេញ​ឈ្មោះ បាន​និយាយថា មន្ត្រី​គយ​នៅ​ព្រលានយន្តហោះ​ក្រុង​សៀមរាប ដែល​ព្រួត​គ្នា​ប្រើ​អំពើហិង្សា​ទៅ​ស្ត្រីជន​ជាតិចិន​ម្នាក់ ដោយសារតែ​នាង​មិនបាន​បង់លុយ​ទឹកតែ​ចំនួន​ជាង ១០ ដុល្លារ ទៅ​ឲ្យ​ពួកគេ​ទាំងពីរ​នាក់​នោះ ត្រូវបាន​ដក​បញ្ឈរជើង​ពី​ការងារ​រួចហើយ បន្ទាប់ពី​មាន​បញ្ហា​បែបនេះ​កើតឡើង​។​

​មន្ត្រី​គយ​ដែលមាន​តួនាទី​ ទទួលខុសត្រូវ​ការងារ នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​បន្តទៀតថា "​មន្ត្រី​គយ​ទាំងពីរ​នាក់​នោះ ត្រូវបាន​កោះ​ហោះ​ឲ្យ​ទៅ​បំភ្លឺ​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៅ​ក្រុងភ្នំពេញ​រួចហើយ​លើ​បញ្ហា​នោះ​"​។ បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​បញ្ចប់ នៅឯ​ស្នងការ​នគរបាល​ខេត្តសៀមរាប​រួច​អស់ហើយ ជាមួយ​ស្ត្រីជន​ជាតិចិន ឈ្មោះ​កញ្ញា ឆឹ​ន (Chen) ថែមទាំង​មាន​លិខិតស្នាម​បញ្ចប់​បញ្ហា នៅឯ​ស្នងការ​នគរបាល​ខេត្តសៀមរាប​។​

​មន្ត្រី​គយ​ដដែល​នោះបាន​ឲ្យ​ដឹង ​ទៀតថា ពុំមាន​ច្បាប់​កំណត់​ដែល​តម្រូវ​ឲ្យ​ភ្ញៀវ​ដែល​ឆ្លងកាត់​ព្រលាន​យន្ត​ ខេត្តសៀមរាប ត្រូវតែ​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​បម្រើការ​នៅ​ទីនោះ​ទេ ការទាមទារ​ប្រាក់​ក្រៅផ្លូវការ​បែបនេះ គឺជា​អំពើ​ខុសច្បាប់ និង​បំពាន​ពី​តួនាទី​របស់​មន្ត្រី​គ្រប់​ជំនាញ ដែល​កំពុង​បម្រើការ​នៅ​ទីនោះ​។

​សូមបញ្ជាក់ថា មន្ត្រី​គយ​តែងតែ​ប្រព្រឹត្ត​អំពើ​មិន​ស្របច្បាប់​នេះ ចំពោះ​ភ្ញៀវ​បរទេស​រាប់មិនអស់​ទេ សូម្បី​អ្នកទទួលខុសត្រូវ​នៅ​ព្រលាន​នេះ ក៏បាន​ដឹង​ពី​ទង្វើ​របស់​កូនចៅ​ខ្លួន​ដែរ តែ​ដោយបាន​ទទួលផល​ប្រយោជន៍​នោះ កន្ទេល​ធំ​បន្លំ​ដេក​ទៅ​។​

​មន្ត្រី​គយ​ខាងលើ​បានបញ្ជាក់​តាម​ ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១២​ថា លោក​មិន​បានដឹង​ច្បាស់​ពី​បញ្ហា​ដែល​កើតឡើង​នោះទេ ហើយ​ការដាក់វិន័យ​ចំពោះ​មន្ត្រី​គយ ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​យ៉ាងណា​នោះ គឺ​អាស្រ័យ​ថ្នាក់លើ​ជា​អ្នកសម្រេច តែ​មន្ត្រី​គយ​នោះ​ត្រូវបាន​កោះ​ហោះ​ឲ្យ​ទៅ​បំភ្លឺ​នៅ​ថ្នាក់លើ​ហើយ​។ នៅក្នុង​ចំណោម​មន្ត្រី​គយ​ចំនួន​ពីរ​នាក់ ដែល​បាន​ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ស្ត្រី​ទេសចរ​ជនជាតិ​ចិន​នោះ គឺ​មានតែ​មន្ត្រី​គយ​ម្នាក់​ទេ ដែលមាន​ឈ្មោះ ជ័យ ចន្ទ​តារា​។​

​នៅ​ រសៀល​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១២​នេះ គេហទំព័រ CEN ពុំ​អាចទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ស៊ូ ភិរិន្ទ អភិបាលខេត្ត​សៀមរាប បានទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង តែ​គ្មាន​អ្នកទទួល​។​

​សូមបញ្ជាក់ថា សារព័ត៌មាន​ពាណិជ្ជកម្ម (The Commercial News) ជាភាសាចិន នៅថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១២ បាន​ចុះផ្សាយ​អត្ថបទ​មួយ មាន​ចំណងជើង​ថា “​មិន​ឲ្យ​ធីប​? ខាត​បី​ពាន់​! ប្រធានាធិបតី ហ៊ូ ចិត្តល្អ​ណាស់ ហេតុអ្វី​អ្នកឯង​កំណាញ់​ម្ល៉េះ​?”​។​

​កាសែត​ជប៉ុន ទំព័រ​៦ បាន​រាយការណ៍​កាលពី​ថ្ងៃទី​៤ ខែមេសា អំពី​ភ្ញៀវទេសចរ​ចិន មាន​ជម្លោះ​ជាមួយ​មន្ត្រី​គយ​ព្រលានយន្ដហោះ​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​រឿង​លុយ​ធីប​។ កញ្ញា ឆឹ​ន (Chen) ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ចំនួន​ពីរ​ថ្ងៃ​មកហើយ ដោយ​នាង​នៅតែមាន​ស្មារតី​ទន់ខ្សោយ មិន​និយាយស្ដី​។ ពេល​ថ្ងៃត្រង់ ថ្ងៃទី​៤ ខែមេសា អ្នករាយការណ៍​ព័ត៌មាន​បាន​ទៅ​មើល​នាង​ម្ដងទៀត សភាព​ផ្លូវចិត្ត​របស់​នាង​បានល្អ​ប្រសើរ​ច្រើន ហើយ​នាង​បានបង្ហាញ​រឿង​លម្អិត​បន្ថែម​។​

​កញ្ញា ឆឹ​ន : ខ្ញុំ​ចង់បាន​សេចក្ដីថ្លៃថ្នូរ​! សុទ្ធតែ​និយាយថា ចិន និង​កម្ពុជា ជា​អ្នកជិតខាង​ល្អ មិត្ត​ល្អ បងប្អូន​ល្អ ដៃគូ​ល្អ​។ “​ចុងក្រោយ​ទំនាក់ទំនង វា​រឹង​ប៉ុណ្ណា​ទៅ​? ទៅ​មើល​នៅ​ព្រលានយន្ដហោះ​ទៅ នឹង​ដឹង​ហើយ​”​។ នៅ​ព្រលានយន្ដហោះ​សៀមរាប ដោយសារតែ​កញ្ញា ឆឹ​ន យឺតយ៉ាវ មាន​មនុស្សម្នា​ក់មក​ដណ្ដើម​ចូល​លេខ​រៀង ធ្វើ​ឲ្យ​នាង​ត្រូវ​នៅក្រោយ​។ មន្ត្រី​គយ​និយាយថា : “Money, Money!” (​លុយ លុយ​)​។ ពេលនោះ​កញ្ញា ឆឹ​ន មិន​ខ្វល់ ប្រុង​ដើរ​បន្ត តែ​ត្រូវគេ​បញ្ឈប់​។ មន្ត្រី​គយ​និយាយថា : “Tip, Tip” (​ប្រាក់​ទឹកតែ​/ លុយ​ធីប​)​។ កញ្ញា ឆឹ​ន តប​ថា : “​ហេតុអ្វី​! អីវ៉ាន់​ខ្ញុំ​ឆែកឆេរ​រួចរាល់​ហើយ​តើ​”​។​

​កញ្ញា ឆឹ​ន នៅតែ​ប្រុង​ដើរ​បន្ត ក៏ត្រូវ​គេ​ទាញ​ដៃ​ម្ខាង​របស់​នាង មិន​ឲ្យ​ដើរទៅ​មុខ​។ នាង​ខឹង ហើយ​និយាយថា “​កុំ​ប៉ះ​ខ្ញុំ​!”​។ ភ្លាមៗ​ដែលមាន​ការ​ទាស់​គ្នា ឈានទៅ​ប៉ះ​ខ្លួន​នោះ មន្ត្រី​ក៏បាន​ហៅ​បុរស​ពាក់​ឯកសណ្ឋាន​ពីរ​នាក់ មក​យក​នាង​ទៅ​កន្លែង​ដែល​កាមេរ៉ា​ចាប់​អត់​បាន សង្កត់​នាង​ទៅនឹង​ដី ហើយ​ទាត់​នាង​នឹង​ជើង​យ៉ាង​ឃោរឃៅ​។ “​ខោអាវ​ខ្ញុំ ពេល​ហ្នឹង​ត្រូវ​ពួកវា​ទាញ​ខូច​អស់ ខ្ញុំ​ត្រូវ​ពួកវា​ប៉ុន្មាន​នាក់​ហ្នឹង​នាំទៅ អា​ម្នាក់ទៀត​កាន់​កាមេរ៉ា​ថត​ខ្ញុំ ពី​ជ្រុង​ផ្សេងៗ​គ្នា យ៉ាង​លីលា​/​វក់ ... ការប្រមាថ​ប្រភេទ​ហ្នឹង បំភ្លេច​មិនបាន​ឡើយ​”​។ ទោះបីជា​កន្លងផុតទៅ​ពីរ​ថ្ងៃ​ហើយក៏​ដោយ​ក្ដី នាង​បាន​ពណ៌នា​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន ទាំង​សភាព​បិទបាំង​ទុក្ខព្រួយ​។ កញ្ញា ឆឹ​ន ត្រូវបាន​គេ​នាំ​ឡើងលើ​ឡាន​ប៉ូលិស ដើម្បី​ទៅកាន់​ប៉ុស្ដិ៍​ប៉ូលិស ដឹក​កាត់​ផ្លូវ​ដែលមាន​តាំង​រូប​ប្រធានាធិបតី ហ៊ូ និង​ព្រះមហាក្សត្រ​ខ្មែរ​។ កញ្ញា ឆឹ​ន សួរថា ប្រធានាធិបតី​ពួក​ខ្ញុំ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ផ្ដល់​លុយ​ជាច្រើន​សន្ធឹកសន្ធាប់​ដល់​ពួក​ឯង ចុះ​ហេតុដូចម្ដេច​បានជា​ពួក​ឯង ធ្វើបែបនេះ​ចំពោះ​ជនជាតិ​ចិន​ទៅវិញ​?”

​មន្ត្រី​ឆ្លើយថា : “​ប្រធានាធិបតី ហ៊ូ ជិន​តាវ ចិត្តល្អ​ណាស់ ឲ្យ​ម្ដង​បួន​ប្រាំ​រយ​លាន ចុះ​អ្នកឯង​ម៉េច​ក៏​ស្វិត​ម្ល៉េះ សូម្បីតែ​លុយ​ធីប​ជាង​ដប់​ដុល្លារ ក៏​មិន​ចង់​ឲ្យ​ដែរ​?” ព្រលានយន្ដហោះ​សៀមរាប : បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​! មិន​សម្ភាស​! ព្រលានយន្ដហោះ​សៀមរាប​ពិតជា​មានរឿង​គួរ​ឲ្យ​ខ្លាច​អ៊‌ីចឹង​ផង​? តាម​ធម្មតា ពេល​ទៅ​ព្រលានយន្ដហោះ មើល​ឃើញតែ​ស្នាមញញឹម​ដ៏​ទាក់ទាញ​។ នៅវេលា​ម៉ោង ៣ រសៀល​ថ្ងៃទី​៤ ខែមេសា អ្នកយកព័ត៌មាន​បាន​ទៅ​ព្រលានយន្ដហោះ ដើម្បី​ស្វែងយល់​ពី​ស្ថានការណ៍​។ ខ្ញុំ (​អ្នកកាសែត​) ឲ្យ​អ្នកបកប្រែ​សាកសួរ​ទៅ​បុគ្គលិក​ព្រលាន បុគ្គលិក​និយាយថា អ្នកធ្វើការ​នៅ​ព្រលាន​កំពុង​ប្រជុំ មន្ត្រី​គយ​ដែល​ទទួលបន្ទុក មិន​នៅទេ (​អវត្តមាន​)​។ ស្រាប់​តែមាន​មន្ត្រី​ម្នាក់​ដើរមក ហើយ​ពួកគេ​ធ្វើ​សញ្ញា​ដាក់គ្នា បន្ទាប់ពី​ប្រាប់​គ្នា​គេ​ថា ពួក​អ្នកកាសែត​មក​ព្រលាន​។​

​ខណៈពេលដែល​គេ (​មន្ត្រី​) ឃើញ​ជំនួយការ​អ្នកកាសែត​ថតរូប​នៅ​អែប​នោះ ក៏​ស្រែក​បញ្ជា​យ៉ាង​សម្បើម​ភ្លាម​ថា : ដាក់ចុះ​! អត់​ឲ្យ​ថត​ហ្អេ​! លុប​រូប​ទាំងអស់​ចេញ​! អ្នកកាសែត​ប្រាប់​ទៅ​មន្ត្រី​នោះ​ថា ខ្ញុំ​នៅ​ទីសាធារណៈ​នៃ​ព្រលានយន្ដហោះ ហើយ​ថែមទាំង​គ្មាន​ស្លាក​ដាក់ថា​ហាម​ថតរូប​ទៀត ខ្ញុំ​មាន​សិទ្ធិ​ថត​។ បើ​មន្ត្រី​ដែល​ទទួលបន្ទុក​មិន​នៅ តើ​អាច​ប្រាប់​ខ្ញុំ​ថា ពេលណា​គាត់​ត្រឡប់មកវិញ​ទេ ហើយ​អាច​សម្ភាស​បានទេ​? មន្ត្រី​នោះ​ប្រាប់​អ្នកកាសែត​ថា : មិន​ធ្វើការ​អត្ថាធិប្បាយ​! មិន​សម្ភាស​! ពេល​និយាយ​ហើយ មន្ត្រី​រូបនោះ​សម្លក់​កាមេរ៉ា​អ្នកកាសែត ធ្វើ​ឫកពារ​ដូចជា​ចង់​រឹបអូស​។ តាមផ្លូវ​ពី​ព្រលាន​មកកាន់​ក្រុង​សៀមរាប​វិញ យើង​នៅមាន​រូបថត​ប្រជាពលរដ្ឋ​ស្វាគមន៍​ប្រធានាធិបតី ហ៊ូ​។ ពេលនេះ ខ្ញុំ (​អ្នកកាសែត​) អាចយ​ល់ពី​អារម្មណ៍​របស់​កញ្ញា ឆឹ​ន នាពេលនោះ​ហើយ​។​

​ គួរ​បញ្ជាក់ថា សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា “​សូម្បីតែ​វិស័យ​ទេសចរណ៍ ខ្ញុំ​បាន​និយាយ​ជាមួយ​ឯកឧត្តម ហ៊ូ ជីន​តាវ នៅក្នុង​ពេលបាយ​ថ្ងៃត្រង់ ខ្ញុំ​ថា បើ​កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​ចិន​ត្រឹមតែ ០,០១% ក៏​កម្ពុជា​អាច​ទទួលបាន ១​លាន ៣​សែន ៤​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ ព្រោះ​ប្រជាជន​ចិន​មាន​ទៅដល់ ១​ពាន់ ៣​រយ ៤០​លាន​នាក់ ពេលនោះ​ទេសចរណ៍​កម្ពុជា នឹងមាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​”​។​

​ទង្វើ ​របស់​ពួក​មន្ត្រី​គយ​នៅ​ខេត្តសៀមរាប បាន​សម្តែង​នូវ​ការ​រិះគន់ថា ការធ្វើ​បែបនេះ វា​កាន់តែ​ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​កម្ពុជា ជាពិសេស​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​បរទេស ដែល​កំពុង​តែមាន​កំណើន​ជាង ២​លាន​នាក់​នៅ​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២​នេះ ដែលជា​ការជួយ​បង្កើន​ថិ​វិកា​ចំណូល​ជាតិ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​ ចំពោះ​ករណីនេះ ក្រុមមន្ត្រី​សិទ្ធិមនុស្ស​បានចាត់ទុក​ថា ជា​បទល្មើស​ព្រហ្មទណ្ឌ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្ត្រីជន​ជាតិចិន​នោះ និង​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវទេសចរ​បរទេស មកកាន់​ប្រទេស​កម្ពុជា​ទៀតផង ដូច្នេះ​ចំពោះ​បញ្ហា​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទំនងជា​មិន​នៅ​ស្ងៀម​ទេ និង​មាន​វិធានការ​ផ្លូវច្បាប់ ចំពោះ​ជនល្មើស​ដែលជា​មន្ត្រី​គយ​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​ពុំខាន ដើម្បី​លើកមុខ​មាត់​ប្រទេស​កម្ពុជា កុំ​ឲ្យ​មន្ត្រី​គយ​កំហូច​នោះ ជាន់ឈ្លី ហើយ​ថែមទាំង​ប៉ះពាល់​ដល់​មិត្តភាព​រវាង​កម្ពុជា និង​ចិន ដែលជា​មិត្តភក្តិ​ល្អ និង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​៕

No comments:

Post a Comment