ជាច្រើនខែមកហើយដែលអ្នកនិយមគាំទ្រផលិតផលរបស់ក្រុមហ៊ុន Apple បានទន្ទឹមរងចាំវត្តមានរបស់ឧបករណ៍ iPad ជំនាន់ថ្មី។ មុខពេលផលិតផលនេះតាំងបង្ហាញជាផ្លូវការណ៍ មានព័ត៌មានចចាមអារាមជាច្រើនបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់វាទាំងផ្នែក Hardware និង Software។ ជាការពិតណាស់ ឧបករណ៍ iPad ជំនាន់ថ្មីដែល Apple ដាក់ឈ្មោះថា New iPad ឬគេនិយមហៅថា iPad 3 គឺពិតជាបានបំពាក់ Hardware និង Software ប្រកបដោយសមត្ថភាពខ្ពស់មែន ក្នុងនោះមានដូចជា Retina Display, A5X Chip Processor, iSight Camera, Ultra 4G LTE, Voice Dictation, AirPlayនិងប្រព័ន្ធប្រតិបត្តិការ iOS 5.1 ជាដើម។
1- Retina Display
Retina Display គឺជាបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់ដែល Apple បានបំពាក់លើផលិតផលNew iPadរបស់ខ្លួន។ បច្ចេកវិទ្យាថ្មីនេះ បានបង្កើនចំនួនភិចសែលខ្ពស់ជាង iPad2 រហូតដល់ជាង4 ដងដែលធ្វើឲ្យការពង្រីកបង្រួមតួអក្សរប្រព្រឹត្តទៅកាន់តែរលូន ភ្លឺច្បាស់ និងអាចបង្ហាញពណ៌រូបភាពយ៉ាងល្អប្រណិតផងដែរ។Retina Display ផ្តល់ឲ្យ New iPad មានសមត្ថភាពអាចដំណើរការភិចសែលរូបភាពរហូតដល់ទំហំ 2048 x 1536 ដែលជាកំរិតខ្ពស់បំផុតមិនធ្លាប់មាន គឺខ្ពស់ជាងiPad2 44%និងមានចំនួនភិចសែលរហូតដល់ 3.1 លានភិចសែល ជាមួយអេក្រង់ទំហំ 9.7 អីុង។ ម្យ៉ាងទៀត បើគិតពីបរិមាណនេះ គឺច្រើនជាងចំនួនភិចសែលទូរសទ្សន៍ប្រភេទ HDTV រហូតជាង 1 លានភិចសែលឯណោះ។លើសពីនេះ Apple បានរចនាវិធីសាស្រ្តថ្មីទាំងស្រុងជាមួយ Retina Display ដែលជំរុញឲ្យការទទួលសញ្ញាពីចុងម្រាមដៃបានកាន់តែរហ័ស និងការបញ្ចាំងរូបភាពភ្លឺថ្លាដូចជាកញ្ចក់គ្រីសស្ទាល់អញ្ចឹងដែរ។

2- A5X Chip
New iPad បានបំពាក់បន្ទះ Chip ប្រភេទថ្មី A5Xdual-core និងquad-core graphics ដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង់បញ្ជា និងប្រតិបត្តិលើចំនួនភិចសែលដ៏ច្រើនលើសលុប។ Retina Display របស់ New iPad នឹងមិនអាចដំណើរការបានឡើយបើគ្មាន A5X dual-core គឺវាមាននាទីគ្រប់គ្រង និងបញ្ជាលើរាល់ភិចសែលនីមួយៗដែលមានចំនួនរហូតដល់ 3.1 លានភិចសែល។ ចំណែក quad-core graphics វិញ គឺទទួលខុសត្រូវរាល់សកម្មភាពដំណើរការរបស់ភិចសែលទាំងអស់ក្នុងពេលទទួលសញ្ញាពីអ្នកប្រើប្រាស់ដូចជាការចុច ការស្លាយចុះឡើង និងការអូសទៅមកជាដើម។ ម្យ៉ាងទៀត Hardware ថ្មីទាំង 2 នេះ ក៏មានមុខងារជំរុញឲ្យដំណើរការកម្មវិធីផ្សេងៗដូចជា ការកាត់តរូបភាពក្នុងកម្មវិធីiPhoto ការកែច្នៃវីដេអូក្នុងកម្មវិធី iMovie ជាពិសេសការលេងហ្គេមធំៗ ប្រព្រឹត្តទៅកាន់តែលឿនជាងមុនផងដែរ។

3- iSight Camera
iSight Cameraគឺជាលក្ខណៈសម្បត្តិមួយទៀតរបស់ New iPad ដែលមានទំហំ 5 មេហ្គាភិសែល។ iSight Camera នេះ ត្រូវបានរចនាឡើងដោយប្រើកញ្ចក់អ៊ុបទិចដ៏ទំនើបដែលផ្តល់នូវការចាប់យករូបភាពបានល្អបំផុតក្នុងទំហំ 2592x 1944សំរាប់ការថតរូប និងទំហំ1920 x 1080សំរាប់ការថតវីដេអូ។ ម្យ៉ាងទៀតវាបានបង្កប់ឧបករណ៍ស្ទង់ពន្លឺមួយប្រភេទនៅផ្នែកខាងក្រោយ ដែលអាចចាប់យករូបភាពបានយ៉ាងអស្ចារ្យបើទោះឋិតក្រោមពន្លឺថ្ងៃ ឬពន្លឺទៀនក៏ដោយ។ បន្ថែមពីនេះ វានៅមានមុខងារFace detection សំរាប់ស្វែងរកចំនុចប្រសព្វលើផ្ទៃមុខដោយស្វ័យប្រវត្ត និងបានរហូតដល់ 10 ចំនុច មានមុខងារកាត់បន្ថយរំញ័រ ព្រមទាំងអាចឲ្យអ្នកប្រើប្រាស់ចាប់យកហេតុការណ៍ភ្លាមៗបានយ៉ាងល្អផងដែរ។

4- Ultrafast 4G LTE
Ultrafast 4G LTE គឺជាបច្ចេកវិទ្យា Wireless ជំនាន់ចុងក្រោយបង្អស់ដែលក្រុមហ៊ុនApple សហការជាមួយក្រុមហ៊ុន Verizon។ តាមរយៈបច្ចេកវិទ្យានេះ New iPad អាចតភ្ជាប់ទៅកាន់បណ្តាញ Network ស្ទើរគ្រប់តំបន់នៅជុំវិញពិភពលោក និងអាចដំណើរការទិន្នន័យបានលឿនរហូតដល់4G LTE។ ដូច្នេះ វានឹងអាចឲ្យអ្នកប្រើប្រាស់ភ្ជាប់ដំណើរការប្រព័ន្ធអិុនធើណែតបានគ្រប់តំបន់ ឲ្យតែតំបន់នោះគាំទ្រ SimCard របស់ក្រុមហ៊ុន AT&T និង Verizon។

5- Voice Dictation
ថ្វីត្បិត New iPad មិនមានកម្មវិធី Siriដូចទូរស័ព្ទ iPhone 4S ក៏ពិតមែន ប៉ុន្តែវាបានភ្ជាប់មកជាមួយមុខងារ Voice Dictation ដែលមានសមត្ថភាពប្រហាក់ប្រហែលនឹង Siri ដែរ។ មុខងារនេះ បានបង្កប់នៅលើក្តារចុចរបស់ New iPad ត្រង់ប៊ូតុងចុចដែលមានរូបក្បាលម៉េក្រូដូច្នេះ នៅពេលដែលអ្នកប្រើប្រាស់ចង់សរសេរ E-Mail, សារ SMS, បង្កើត Noteឬស្វែងរកគេហទំព័រផ្សេងៗតាមរយៈសម្លេងនោះ គឺគ្រាន់តែចុចលើប៊ូតុងចុចនោះប៉ុណ្ណោះ។បន្ថែមពីនេះVoice Dictation ក៏អាចដំណើរការលើកម្មវិធីបន្ថែម (third-party apps) ដូចជា facebook, twitter ផងដែរ។

6- iOS 5.1
New iPad បានភ្ជាប់មកជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ iOS 5.1 ដែលជាជំនាន់ចុងក្រោយបង្អស់របស់iOS ផងដែរ។ ជំនាន់ថ្មីនេះ Apple បានបន្តអភិវឌ្ឍន៍បន្ថែមមុខងារ និងកម្មវិធីថ្មីៗយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលក្នុងនោះមានកម្មវិធីពិសេសៗដូចជាiMovie, iPhoto, Safari, Instant On, Twitter និង AirPlay Mirroringជាដើម។

7- App Store
ចំពោះផលិតផលកម្មវិធីដែលមានចំនួនជាង 200,000 និងកំពុងបន្តកើនឡើងជាលំដាប់នៅក្នុង App Store គឺមិនដូចជាកម្មវិធីដទៃទៀតឡើយពួកវាត្រូវបានរចនាឡើងជាពិសេសសំរាប់ដំណើរការជាមួយលក្ខណៈពិសេសដ៏អស្ចារ្យដែល New iPad មានដូចជាអេក្រង់ទំហំ 9.7 អីុង បច្ចេកវិទ្យា Multi-Touch ប្រដាប់វាស់ស្ទង់ accelerometer និង gyroscope ជាដើម។

8- iPad Smart Cover
មានមធ្យោបាយជាច្រើនដែលអាចប្រើសំរាប់ការពារ iPad ពីធូលី និងការឆ្កូតលើអេក្រង់ ប៉ុន្តែ iPad Smart Cover មានគុណសម្បត្តិជាពិសេស គឺវាអាចបើកបិទដំណើរការរបស់ New iPad ដោយគ្រាន់តែបិទបើកគម្របរបស់វាប៉ុណ្ណោះ។ ម្យ៉ាងទៀត វាអាចបត់ទៅក្រោយ ឬបត់ចំហៀងដើម្បីបញ្ឈរ New iPad ក៏បាន។ ពិសេសជាងនេះ អ្នកប្រើប្រាស់អាចថ្ពក់ iPad Smart Cover ជាមួយ New iPad បានយ៉ាងងាយ និងជាប់ស្អិតតាមរយៈបច្ចេកវិទ្យាមេដែកបង្កប់នៅគែមចំហៀងខាងឆ្វេងរបស់ New iPad និងនៅក្នុង iPad Smart Cover។

9- AirPlay
AirPlay គឺជាបច្ចេកវិទ្យាBroadcast ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Apple សំរាប់បំពាក់លើឧបករណ៍ iPad។ បច្ចេកវិទ្យាថ្មីនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់បញ្ចូនទិន្នន័យជាសម្លេង រូបភាព និងវីដេអូដែលកំពុងបង្ហាញលើ New iPad ឲ្យបង្ហាញលើ Speakers និងទូរទស្សន៍ប្រភេទ HDTV បាន។ ម្យ៉ាងទៀត icon របស់ AirPlay នឹងបង្ហាញឡើងដោយស្វ័យប្រវត្តិ នៅពេលដែលឧបករណ៍ទាំងសងខាង ព្រមជាមួយ Apple TV ភ្ជាប់ជាមួយប្រព័ន្ធ Wi-Fi ដូចគ្នា។

10- Battery Life
ទោះបីជា New iPad បានបង្កើនសមត្ថភាព Hardware សំខាន់ៗជាច្រើនយ៉ាងណាក្តីប៉ុន្តែ ក្នុងពិធីតាំងបង្ហាញផលិតផលថ្មីនេះ ក្រុមហ៊ុន Apple បានអាះអាងថា ថាមពលថ្មរបស់ New iPad នៅតែអាចទ្រទ្រង់បានរហូតដល់ 10 ម៉ោង និង 9 ម៉ោង សំរាប់ការបើកដំណើរការគេហទំព័រតាមបណ្តាញ cellular data។ នេះបានសេចក្តីថា អ្នកប្រើប្រាស់អាចចាក់ចំរៀងស្តាប់ទស្សនាវីដេអូ សរសេរ ឬបង្កើតអ្វីគ្រប់យ៉ាងបានយូររហូតដល់ 10 ម៉ោង ប៉ុន្តែ Apple មិនបានផ្តោតលើការលេងហ្គេមឡើយ៕



No comments:
Post a Comment