Friday, May 4, 2012

អ្នកបឹងកក់-បុរីកីឡា​រងរបួស​ពីការប៉ះទង្គិច​ជាមួយ​ប៉ូលិស និង វីដេអូ អ្នក​បឹងកក់​ដោះ​ខោអាវ​នៅ​មុនខ​សភា

Thursday, 03 May 2012 ឃុត សុភចរិយា ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ: អ្នកភូមិ​បឹងកក់ និង​បុរី​កីឡា យ៉ាង​ហោចណាស់​៦នាក់ ក្នុង​ចំណោម​ជាង​២០០នាក់​ បាន​រង​របួស កាលពីម្សិល​មិញ​ក្នុង​ការប៉ះទង្គិច​គ្នាមួយ​ជាមួយ​កម្លាំង​ប្រដាប់​អាវុធ​ ចម្រុះ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ពួកគេ​ព្យាយាម​រុញច្រាន​រនាំង​ការពារ​របស់​សមត្ថកិច្ច ដើម្បី​នាំញត្តិ​ស្នើសុំ​អន្តរាគមន៍​ឲ្យបោះបង្គោល​ព្រំប្រទល់​ដី​១២,៤៤ ហិកតា ទៅដាក់​នៅការិយាល័យ​ធនាគារ​ពិភពលោក និង​សហភាព​អឺរុប ប្រចាំ​កម្ពុជា។

ស្ត្រី​វ័យ​៣០​ឆ្នាំម្នាក់មកពី​ភូមិ​១ ក្នុង​តំបន់​បឹងកក់ អ្នកស្រី ស្រី សុផល ថា មន្ត្រី​នគរបាល​ដែល​ពាក់​ឯកសណ្ឋាន​ឈុត​បៃតង​ចាស់ «បាន​លើក​ដៃ​វាយ​ខ្ញុំ​ពីរដៃ​ផ្ទួនៗចំផ្ទៃមុខ និង​មន្ត្រី​នគរបាល​ម្នាក់ទៀត​បាន​ធាក់​ចំភ្លៅ​ខាងឆ្វេង​និង​ពោះ​របស់​ខ្ញុំ បណ្ដាល​ឲ្យ​ខ្ញុំ​វិលមុខ និង​ចុកឆ្អល់​យ៉ាងខ្លាំង»។


ចំណែក​ឯ មន្ត្រី​នគរបាល​ដែល​វាយមក​លើ​អ្នក​ភូមិ​មុនគេនោះ ត្រូវ​បាន​ពល​រដ្ឋ​ម្នាក់​មក​ពី​ភូមិ១ ក្នុង​តំបន់​បឹងកក់​ថតរូបជាប់​ទាំងមុខ​និង​ស្លាកឈ្មោះ ប៉ុន្តែ​មន្ត្រី​នគរបាល​រូបនោះ បាន​បដិសេធ ដោយ​និយាយ​ថា៖​«យើង​គ្មាន​មូលហេតុ​អ្វី​ទៅ​វាយ​ពលរដ្ឋ​នោះ​ទេ គឺ​យើងគ្រាន់តែ​រុញច្រាន​កុំឲ្យ​ពួកគេ​ទៅលើ​ផ្លូវធំ(មហា​វិថី​ព្រះនរោតម្ត)ដែល​នាំឲ្យ​កកស្ទះ​ចរាចរណ៍ និង​ខូច​សណ្ដាប់​ធ្នាប់​»។

អ្នកស្រី​បូវ សោភា អាយុ​៣៦​ឆ្នាំ មកពី​ភូមិ​២៣ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ដែល​មាន​របួស​ស្នាម​ដាច់​រលាត់​ស្មងជើង​ឆ្វេង បាន​និយាយ​ថា ក្រុម​នគរបាល​ប្រឆាំង​កុបកម្ម បាន​ទាត់ឈូសជើង​របស់គាត់​និង​ស្បែកជើង​ប៊ូ។

អ្នកស្រី​បាន​បញ្ជាក់​ថា៖​«យើង​គ្រាន់តែ​លើកគ្នា​មកដាក់ញត្តិ សុំឲ្យ​មាន​ការជួយ​អន្តរាគមន៍​បោះបង្គោល​កំណត់​ព្រំប្រទល់​ដី​១២,៤៤​ហិកតា ដែល​ផ្តល់​ដោយ​ប្រមុខ​រដ្ឋាភិបាល​ដល់​យើងខ្ញុំ​ឲ្យបាន​ច្បាស់លាស់​ប៉ុណ្ណោះ ត្រូវ​កម្លាំង​នគរបាល​ចម្រុះ​វាយ​ប្រដេញ ដូចជា​សត្វ»។

ដោយក្ដី​ឈឺចុកចាប់​ក្នុងចិត្ត និង​រាងកាយ​បាន​រង​ការវាយដំ​ពីក្រុម​សមត្ថកិច្ច​ផងនោះ អ្នកស្រី សួង សម័យ អាយុ​៥៣​ឆ្នាំ មកពី​ភូមិ​២២​ក្នុង​តំបន់​បឹងកក់ បាន​និយាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ទាំងទឹកភ្នែក​រលេង​រលោង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ចម្រុះបាន​ចាប់​ច្របាច់​កាច់​បំបាក់ម្រាមដៃ​ចង្អុល​ខាងឆ្វេង​របស់​គាត់ នៅ​ពេល​ដែល​គាត់លើក​ដៃ​ចង្អុល​មុខមន្ត្រី​នគរបាលម្នាក់​ដែលបាន​វាយមកលើ​ពួកគាត់​នោះ។

អ្នកស្រី​និយាយ​ទៀត​ថា៖​«ខ្ញុំ​ឈឺចិត្តណាស់…ពួកគេ​សាហាវ​ឃោរឃៅ​យង់ឃ្នង​លើកដៃ​វាយខ្ញុំ​ជាស្ត្រី​ចំណាស់​ទន់ខ្សោយ ដែល​អាច​ធ្វើជាម្ដាយ​របស់​ពួកគេ​បាន​»​។

តំណាង​ក្រុម​បាតុករ​ម្នាក់ ក្នុង​ចំណោម​ប្រាំនាក់ ដែល​ដាក់​ច្រវាក់​ដៃខ្លួនឯង ដើម្បី​ដាក់​សម្ពាធ​ដល់​អាជ្ញាធរ​ឲ្យ​បញ្ឈប់​ការប្រើប្រព័ន្ធ​តុលាការ មកលើ​ពួក​គាត់​ដែល​តវ៉ា​ក្នុង​រឿង​ដីធ្លី អ្នកស្រី ហេង មុំ ថា៖ «យើង​បាន​ប្រាប់​ពីគោល​បំណង​នៃ​ការ​ដង្ហែ​ក្បួន​តវ៉ា​ទាមទារ​របស់​យើង ហើយ​បាន​ព្យាយាម​ដើរ​តាម​ផ្លូវ ដែល​សាលា​រាជធានី​បាន​កំណត់​ឲ្យ ប៉ុន្តែ​ពួកយើង​នៅតែ​រង​ការវាយ​បង្ក្រាប​ដោយ​ហិង្សា​ពី​កម្លាំង​សមត្ថកិច្ច​។ តើ​ឯណា​ទៅ​យុត្តិធម៌?»។

លោក កើត ឆែ អនុប្រធាន​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​ថា សាលា​រាជធានី​ភ្នំពេញ​មិនបាន​ឯកភាព​ឬយល់​ព្រមឲ្យ​មាន​ការដង្ហែក្បួន​តវ៉ានេះ​ទេ និង​បាន​ជំរុញឲ្យ​សាកសួរ​ទៅ​តំណាងក្រុម​អ្នកតវ៉ា​ក្នុង​តំបន់​បឹងកក់ ថា​តើពួកគាត់​មាន​លិខិត​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​ដែរឬអត់?

ទោះជា​បែបណាក្ដី ក្រោយ​ពី​មាន​ការប៉ះទង្គិច​គ្នា​រួច ក្រុម​អ្នក​តវ៉ា​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​តំណាង​របស់​ពួកគេ យក​ញត្តិ​ទៅដាក់​នៅ​ការិយាល័យ​ធនាគារ​ពិភពលោក និង​សហគមន៍​អឺរុប ប្រចាំ​កម្ពុជា រួចហើយ​បន្តទៅដាក់​នៅ​សភាជាតិ​ថែម​ទៀត។

អ្នកស្រី​ទេព វន្នី តំណាង​ក្រុមបាតុករ​មកពី​តំបន់​បឹងកក់​បានថ្លែងថា ក្នុង​រយៈពេល​បីថ្ងៃ​កន្លងមកនេះ ក្រៅពី​បាន​ដាក់ញត្តិ​នៅស្ថាប័ន​ទាំងបី​ខាងលើ ពួកគាត់​បានដាក់ញត្តិ​ទៅស្ថានទូត អាមេរិក ជប៉ុន អូស្ត្រាលី អង់គ្លេស​និង​ស្ថាប័ន​ព្រឹទ្ធសភា​ផងដែរ។

លោក ចាន់ សូវេត អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក បាន​និយាយថា តាម​ការពិនិត្យ​ភាពជាក់ស្ដែង​នៃ​ការដើរក្បួន​តវ៉ា ប្រជាពលរដ្ឋ​មាន​ភាពខុសឆ្គង​ត្រង់ថា​ពួកគាត់​ដាក់ច្រវាក់ និង​ដោះអាវ អាក្រាតខ្លួន​ប្រាណ ប៉ុន្តែ​ទង្វើនេះ​គឺជា​ជម្រើស​ចុងក្រោយ​របស់​ពួកគាត់ ដែល​បាន​ប្រឹងប្រែង​អស់​ពីលទ្ធភាព​និង​រយៈពេល​ជាយូរ​មកហើយ ដើម្បី​តែ​ដីធ្លី​និង​ទីជម្រក​របស់​ពួកគាត់​ត្រូវបាន​គេរំលោភ​បំពាន​យក។ លោក បន្តថា៖​ «បើសិនជា​អាជ្ញាធរ​នៅតែ​បន្តការបង្ក្រាប ជាជាង​រកដំណោះស្រាយ យើង​យល់ថា​ការនេះ​នឹងនាំឲ្យ​អន្តរាយ​ដល់​រដ្ឋាភិបាល…» ៕

No comments:

Post a Comment