អត្ថបទពី វិទ្យុបារាំង ដោយ លាង ដឺលុច
ហង្ស វុទ្ធី ហៅយមរាជ ជាអតីតប៉ូលីសរាជធានី ភ្នំពេញដែលបានលួចរត់ចេញពីមន្ទីរឃុំ ឃាំង ព្រៃស កាលពី ឆ្នាំ២០០៦ នោះនៅថ្ងៃ នេះ ស្រាប់តែ លេច មុខចេញសារភាព ដើម្បីចូល ក្នុងមន្ទីរ ឃុំឃាំងវិញ។ យមរាជ ដែលគេ ឃើញ ជូនដំណើរ ដោយមេធាវី កៅ ស៊ូផាបាន បង្ហាញ ខ្លួននៅឯទីស្នាក់ ការ កណ្តាល នៃអង្គការ ការពារសិទ្ធិមនុស្សលីកាដូនិងក្រសួងមហាផ្ទៃដើម្បីស្វែងរកការជួយការពារសុវត្ថិភាព។ ហង្ស វុទ្ធីហៅយមរាជ អតីតមន្ត្រីប៉ូលីសរាជធានីភ្នំពេញគឺជាមនុស្សម្នាក់ក្នុងចំណោមមន្ត្រីប៉ូលីសមួយចំនួនទៀតដែលត្រូវចាប់ខ្លួនកាត់ទោសជាមួយលោកហេង ពៅអតីតស្នងការរាជធានីភ្នំពេញដែលត្រូវបានសង្ស័យថាបានប្រព្រឹត្តិអំពើឧក្រិដ្ឋជាច្រើនករណី។
កាលពីឆ្នាំ២០០៦ មានព័ត៌មានស្តីពីអ្នកទោសមួយក្រុមហែកគុកព្រៃសចេញ ហើយក្នុងចំណោមនោះ គឺមានឈ្មោះហង្ស វុទ្ធីហៅយមរាជដែលត្រូវបានចាប់ខ្លួនកាត់ទោសជាមួយក្រុមអតីតស្នងការរាជធានីភ្នំពេញហេង ពៅក្នុងសំណុំរឿងឧក្រិដ្ឋជាច្រើន។
នៅរសៀលថ្ងៃសុក្រទី២០មេសានេះ យមរាជដែលគេឃើញមានការរួមដំណើរពីលោកមេធាវីកៅ ស៊ូផាផងនោះបានមកដល់ទីស្នាក់ការកណ្តាលរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ មុនធ្វើដំណើរទៅក្រសួងមហាផ្ទៃ។ ហង្ស វុទ្ធីបាននិយាយប្រាប់អ្នកកាសែតថា លោកចេញមកសារភាពចូលពន្ធនាគារវិញ ហើយលោកបានអះអាងថាលោកមិនបានហែកគុកចេញនោះទេ។ ទោះយ៉ាងនេះក្តី ក្រោយពីចេញរួចផុតពីពន្ធនាគារព្រៃស ហង្ស វុទ្ធីហៅយមរាជបានប្រាប់ថា ខ្លួនបានបន្លំខ្លួនធ្វើជាកម្មករនេសាទនៅក្នុងខេត្តកំពត និងបន្ទាប់ធ្វើជាកម្មករអូសរទេះនៅ ប៉ោយប៉ែត។
ការលេចមុខរបស់យមរាជនៅពេលនេះគឺជារឿងដ៏គួរអោយចម្លែកមួយ។ ប៉ុន្តែលោកកៅ ស៊ូផាដែលគ្រួសាររបស់ពិរុទ្ធរូបនេះពឹងពាក់អោយនាំខ្លួនមកសារភាពចំពោះសមត្ថកិច្ចនេះបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា គ្មានអ្នកណារត់គេចផុតពីច្បាប់បានទេ។ លោកបន្តថា ហង្ស វុទ្ធីចង់ចេញមុខបកស្រាយថា គេមិនបានហែកគុកទេ ហើយគេក៏មិនបានប្រព្រឹត្តិអំពើល្មើសអ្វីដែរ។
គួរបញ្ជាក់ថា ហង្ស វុទ្ធីហៅយមរាជនៅមិនទាន់ជ្រើសរើសលោកកៅ ស៊ូផាធ្វើជាមេធាវីជាផ្លូវការនៅឡើយទេ៕
No comments:
Post a Comment