Saturday, April 21, 2012
គោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់ជាគ្រឹះនៃប្រព័ន្ធយុត្តិធម៌
សូមចុចទីនេះ ដើម្បី ដោនឡូដ អំពី បទសំភាសន៍ លោក សុក សំអឿន៖ “បើបាញ់ សំដៅ ទៅ ហ្វូងមនុស្ស គេមិនអាច និយាយ ថាជាទង្វើ ដោយអចេតនាទេ”
មានរឿង២ ដែល បានកើត ឡើងស្រប ពេលគ្នារយៈពេល ចុងក្រោយ នេះ ដែល គេអាចលើក យកមក ធ្វើជា ឧទាហរណ៍ ដើម្បី រំលេចឲ្យឃើញ ស្តង់ដារ ពីរ នៅក្នុងប្រព័ន្ធ យុត្តិធម៌ កម្ពុជា។ ករណីទី១គឺ លោក កែន សារ៉ា អតីតសកម្មជននិស្សិតប្រឆាំងរដ្ឋាភិបាលម្នាក់ដែលក្រោយមកក៏ក្លាយជាសមាជិកក្រុមលេខានាយករដ្ឋមន្ត្រី។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗបញ្ជូនទៅមន្ទីរឃុំឃាំងដើម្បីរង់ចាំការកាត់ទោសដោយសារតែលោកបានបាញ់កាំភ្លើងឡើងលើ និងបានទះកំផ្លៀងអ្នករត់ម៉ូតូឌុបម្នាក់នៅពេលស្រវឹងស្រា។
ករណីទី២ គឺទាក់ទងនឹងលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតដែលជាជនសង្ស័យបាញ់កម្មការិនី៣នាក់ឲ្យរងរបួសនៅក្នុងបាតុកម្មមួយកាលពីខែកុម្ភៈ។ ប៉ុន្តែ លោកមិនត្រូវបានសមត្ថកិច្ចចាប់ខ្លួនទេ ហើយទីបំផុតទៅ តុលាការចោទជនសង្ស័យរូបនេះត្រឹមតែបទបង្ករបួសស្នាមដោយអចេតនាដែលជាបទល្មើសមជ្ឈិមមួយតែប៉ុណ្ណោះ។ ចំណាត់ការរបស់តុលាការក្នុងសំណុំរឿងទាំងពីរបានបង្ហាញឲ្យឃើញពីស្តង់ដារពីរខុសគ្នានៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជាយ៉ាងច្បាស់ក្រឡែត។ ឧទាហរណ៍នេះក៏មិនមែនជារឿងកម្រនឹងឃើញនោះដែរ តែមានរឿងរ៉ាវជាច្រើនទៀតដែលបានកើតមានជាហូរហែរួចទៅហើយ។
ជាការពិតណាស់ យុត្តិធម៌សង្គមគឺជាសេចក្តីត្រូវការចាំបាច់សម្រាប់មនុស្សគ្រប់គ្នាមិនថា ជាជាតិសាសន៍ណាឡើយ។ នៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ គោលការណ៍ស្មើភាពគ្នានៅចំពោះមុខច្បាប់ គឺជាមូលដ្ឋានគ្រឹះមួយដែលគេត្រូវគោរពយ៉ាងម៉ឺងម៉ាត់បំផុត។ ដោយយល់ឃើញពីតម្រូវការនេះ រដ្ឋាភិបាលបានដាក់ចេញនូវកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងច្បាប់ដោយចាត់ទុកជាការងារអាទិភាពមួយសម្រាប់គោលនយោបាយដឹកនាំប្រទេសទៅរកនីតិរដ្ឋ។
ដោយសារសេចក្តីស្រេកឃ្លានយុត្តិធម៌របស់ប្រជាពលរដ្ឋខ្មែរ និងស្របពេលដែលរដ្ឋាភិបាលដាក់ចេញកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ផងនោះ ស្ថានការណ៍ទូទៅនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជាមានការប្រែប្រួលមួយចំនួនក្នុងរយៈពេលចុងក្រោយនេះ។ ដោយឡែក ការប្រើប្រាស់អាវុធ និងការបាញ់បោះខុសច្បាប់ដែលជារឿងគួរឲ្យព្រឺខ្លាចមួយនោះ ក៏មានសភាពស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់ដែរ បើប្រៀបធៀបនឹង១០ ឬ២០ឆ្នាំមុន។ ជាពិសេស ភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមអ្នកចូលចិត្តប្រើអាវុធបានថមថយ បន្ទាប់ពីមានបទបញ្ជាជាបន្តបន្ទាប់ពីប្រមុខដឹកនាំរដ្ឋាភិបាល។
ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ ក៏គោលការណ៍ស្មើភាពគ្នានៅចំពោះមុខច្បាប់នៅតែជាបញ្ហាធំធេងមួយនៅឡើយក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា។ ជាទូទៅ ស្តង់ដារពីរខុសគ្នានៅតែបង្ហាញឡើងយ៉ាងច្បាស់។ អ្នកមានប្រាក់ និងមានអំណាច ឬមានខ្នងបង្អែកច្រើនតែមានសំណាងជាងអ្នកក្រីក្រគ្មានទីពឹងនៅក្នុងប្រព័ន្ធយុត្តិធម៌។ ករណីលោក ឈូក បណ្ឌិត គឺជាភស្តុតាងជាក់ស្តែងមួយ។ អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងរឿងនេះគឺ មកដល់សម័យនេះទៅហើយ នៅតែមានមន្ត្រីសាធារណៈដែលមានតួនាទីខ្ពង់ខ្ពស់ហ៊ានដកកាំភ្លើងពីចង្កេះបាញ់ប្រហារទៅលើហ្វូងមនុស្សដោយគ្មានញញើតច្បាប់អ្វីបន្តិចសោះ។
ម្យ៉ាងទៀត ទោះបីជាជនសង្ស័យត្រូវបានសាធារណជនដឹងឮរហូតដល់ក្រសួងមហាផ្ទៃរកឃើញកំហុស និងត្រូវបានរដ្ឋាភិបាលដកចេញពីមុខតំណែងយ៉ាងណាក៏ដោយ ក៏តុលាការនៅតែមានច្រកសម្រាប់ជួយសម្រាលទោសជនសង្ស័យបានដដែលតាមរយៈការប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ខ្លួន។ ការអនុវត្តន៍ស្តង់ដារពីរនៅក្នុងប្រព័ន្ធយុត្តិធម៌នៃប្រទេសតែមួយគឺជាបញ្ហាធំធេង ពីព្រោះវាមិនត្រឹមតែធ្វើឲ្យកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រដ្ឋាភិបាលដំណើរការទៅមុខមិនរួចប៉ុណ្ណោះទេ តែក៏បានធ្វើឲ្យអាប់ឱនកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិទាំងមូលទៀតផង។ ដូច្នេះ តើគេគួរបណ្តែតបណ្តោយឲ្យបញ្ហានេះកើតមានតទៅទៀតដែរឬទេ? នេះជាសំណួរដែលរដ្ឋាភិបាល និងមន្ត្រីតុលាការគួរពិចារណា?
Labels:
National News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment