អត្ថបទ ទាំងស្រុង ពី គេហទំព័រ វិទ្យុបារំាង
ប្រតិកម្មបានធ្លាក់មក ជាបន្តបន្ទាប់ ប្រឆាំងទៅនឹង ការសម្រេច របស់តុលាការខេត្ត ស្វាយរៀង ក្នុងសំណុំ រឿង លោក ឈូក បណ្ឌិត អតីតអភិបាល ក្រុងបាវិត។ ជនសង្ស័យ ក្នុងករណីបាញ់ ប្រហារទៅលើកម្មការិនី ឲ្យរងរបួស ៣នាក់កាល ពីខែកុម្ភៈកន្លង ទៅត្រូវ បាន តុលាការចោទ ត្រឹមតែបទបង្ក របួសស្នាម ដោយអចេតនាដែលជាបទចោទដ៏ស្រាលមួយប៉ុណ្ណោះ។ បទចោទនេះហើយដែលធ្វើឲ្យមានការរិះគន់ជាបន្តបន្ទាប់។
គ្រួសារជនរងគ្រោះ មេដឹកនាំសហជីព សង្គមស៊ីវិល និងអ្នកនយោបាយប្រឆាំង បានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ ដើម្បីរិះគន់ចំពោះចំណាត់ការរបស់តុលាការខេត្តស្វាយរៀង។ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តជាប់ព្រំដែនវៀតណាមមួយនេះបានសម្រេចកាលពីចុងសប្តាហ៍នេះចោទប្រកាន់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតដែលជាជនសង្ស័យបាញ់កម្មការិនី៣នាក់ឲ្យរងរបួសនោះ ពីបទបង្ករបួសស្នាមដោយអចេតនា។ ក្រុមអ្នករិះគន់បានចាត់ទុកបទចោទនេះថាមិនស័ក្តិសមទៅនឹងទោសកំហុសរបស់ជនសង្ស័យ។
ភ្លាមៗក្រោយការប្រកាសជូនដំណឹងអំពីបទចោទនេះ ក្រុមគ្រួសារអ្នករងគ្រោះបានសម្តែងការខកចិត្តយ៉ាងខ្លាំង។ ចំណែកមេដឹកនាំសហជីពក៏បានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ដែរ។ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ក៏ដូចជាលោក ជា មុនី ប្រធានសហជីពសេរីកម្មករដែរបានហៅចំណាត់ការរបស់តុលាការខេត្តស្វាយរៀងថា ស្ថិតនៅក្រោមឥទ្ធិពលអ្នកមានអំណាច។ ទន្ទឹមនឹងការប្រកាសស្វែងរកអន្តរាគមន៍ពីបណ្តាស្ថាប័នអន្តរជាតិ និងពីសហជីពពិភពលោកដើម្បីឲ្យជួយជំរុញកំណែទម្រង់ប្រពន្ធ័យុត្តិធម៌នៅកម្ពុជា លោករ៉ុង ឈុន ក៏បានប្រកាសពីគម្រោងធ្វើបាតុកម្មកម្មករដ៏ធំមួយ ដើម្បីទាមទារយុត្តិធម៌ជូនជនរងគ្រោះផងដែរ។
ស្របពេលជាមួយគ្នានេះ លោក អាត់ ធន់ មេដឹកនាំសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ក៏បានស្នើអោយតុលាការខេត្តស្វាយរៀងពិនិត្យបទចោទប្រកាន់របស់ខ្លួនឡើងវិញ។ លោកអាត់ ធន់ អះអាងថានឹងរួមជាមួយសហព័ន្ធសហជីព និងអង្គការនានាដើម្បីរៀបចំដាក់ញត្តិទាមទារទៅក្រសួងយុត្តិធម៌ និងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ហើយប្រសិនបើចាំបាច់ លោកនឹងប្រកាសជូនដំណឹងពីការធ្វើកូដកម្មនៅក្រុងបាវិតជាថ្មីទៀតដើម្បីទាមទាររកយុត្តិធម៌ក្នុងករណីនេះ។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បានបាញ់ប្រហារទៅលើកម្មការិនីរោងចក្រ កៅវ៉េ ចំនួន៣នាក់អោយរបួសក្នុងពេលកំពុងតែតវ៉ាក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀងកាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅថ្មីៗនេះ។ ជនសង្ស័យត្រូវបានក្រសួងមហាផ្ទៃប្រកាសប្តឹងទៅតុលាការ និងត្រូវបានរដ្ឋាភិបាលដកចេញពីមុខតំណែង។ ប៉ុន្តែ ជនសង្ស័យមិនត្រូវបានចាប់ខ្លួនទេ ហើយទីបំផុត តុលាការបានចោទត្រឹមបទបង្ករបួសស្នាមដោយអចេតនាតែប៉ុណ្ណោះ។
គណបក្សម រង្ស៊ី ក៏បានចេញសេចក្តីថ្លែងការណ៍បរិហារអំពីវប្បធម៌និទ្ទណ្ឌភាព និងបក្ខពួកនិយមនៅកម្ពុជាដែរ។ គណបក្សប្រឆាំងមួយនេះបានរិះគន់ថា ការអនុវត្តន៍ច្បាប់មានតែចំពោះប្រជាពលរដ្ឋតូចតាចតែប៉ុណ្ណោះ ខណៈដែលអ្នកមានអំណាចតែងត្រូវបានការពារ។ នៅមិនទាន់មានប្រតិកម្មតបពីមន្ត្រីរដ្ឋាភិបាលនៅឡើយទេ៕
No comments:
Post a Comment