អត្ថបទទាំងស្រុង ដោយ ភ្នំពេញ ប៉ុស្តិ៍ ច្រឹង សុផល
ភ្នំពេញៈ ពលការិនីម្នាក់ដែលទៅធ្វើការនៅម៉ាឡេស៊ីរហូតត្រូវរងទារុណកម្ម ដល់ឡប់សតិតាមរយៈក្រុមហ៊ុន PMP ត្រូវក្រុមហ៊ុននៅម៉ាឡេស៊ីបញ្ជូនមកបំបោះបង់ចោលនៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។
នារីរងគ្រោះត្រូវសមត្ថកិច្ចប្រទះឃើញនៅមុខព្រលានយន្តហោះអន្តរជាតិ ភំ្នពេញ កាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១២។
លោកអនុសេនីយ៍ត្រី ទូច ទី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងពីម្សិលមិញថា សមត្ថកិច្ចដើរល្បាតនៅក្នុងមូលដ្ឋានបានប្រទះឃើញស្រី្តរងគ្រោះឈ្មោះ ពួង សាវន អាយុ៣០ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែករំដួល ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង កំពុងតែអង្គុយនៅលើចិញ្ចើមថ្នល់មុខព្រលានយន្តហោះអន្តរជាតិភំ្នពេញម្នាក់ឯង។ លោកថា ដោយមានការសង្ស័យប៉ូលិសក៏បានហៅសួរ នាងហាក់មានសតិមិនល្អ និងឃើញមានលិខិតឆ្លងដែន មួយច្បាប់ជាប់នឹងខ្លួនដែលមានវាយត្រាដោយអាជ្ញាធរ ម៉ាឡេស៊ី លេខ P0808332 និងកាបូបស្ពាយមួយផង។ ឥឡូវនេះ នារីរងគ្រោះត្រូវសមត្ថកិច្ចការពារ និងកំពុងទាក់ទងទៅគ្រួសារឲ្យមកយកទៅផ្ទះវិញ។
ស្រី្តរងគ្រោះប្រាប់សមត្ថកិច្ចទាំងរដាក់រដុបថា នាងបានចេញទៅបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុនជ្រើសរើសពលករខ្មែរ PMP នៅភ្នំពេញពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១០។
ក្នុងការរស់នៅអស់រយៈពេល២ឆ្នាំនៅម៉ាឡេស៊ី នាងត្រូវម្ចាស់ផ្ទះវាយដំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ រហូតនាងខូចសតិអស់។ នាងថា៖ «តាមកិច្ចសន្យាខ្ញុំត្រូវត្រឡប់មកស្រុកវិញឆ្នាំនេះ តែប្រាក់ឈ្នួលមួយខែ១៨០ដុល្លារនោះខ្ញុំមិនដែលទទួលបានសូម្បីតែមួយខែក៏គ្មានដែរ»។ នាងបន្តថា ម្ចាស់ផ្ទះបាន គាបសង្កត់ បិទសិទ្ធិសូម្បីតែទូរស័ព្ទទាក់ទងមកគ្រួសារក៏មិនដែលបាន ដែរ។
យុវជន ដួង លន ត្រូវជាប្អូនជនរងគ្រោះបានបំភ្លឺសមត្ថកិច្ចថា មុនចេញទៅបម្រើការនៅម៉ាឡេស៊ី បងស្រីមានរូបរាងស្រស់ស្អាតបាតដូចគេឯង ហើយ មានសតិល្អគ្រប់គ្រាន់ ឥឡូវនេះបែរជាស្គមបង់រូបឆោម អង្គុយសើចឬញញឹមតែម្នាក់ឯងគួរអាសូរណាស់។ ប្អូនប្រុស ដួង លន បានអំពាវនាវសូមកិច្ចអន្តរាគមន៍ពីអង្គការក្រៅរដ្ឋាភិបាល នានា សូមមេត្តាជួយស្រោចស្រង់ជីវិតរបស់បងស្រីផង ពីព្រោះថា ក្រុមគ្រួសារគ្មានលទ្ធភាពនឹងជួយព្យាបាលបានទេ។ ជាមួយនោះជំនួសឲ្យក្រុមគ្រួសារសូមប្តឹងទៅសមត្ថកិច្ច «សូមឲ្យជួយស្រាវជ្រាវរកក្រុមហ៊ុន PMP ដើម្បីឲ្យទទួលខុសត្រូវលើបងស្រីដ៏កំសត់ម្នាក់នេះ ព្រោះអីក្រុមហ៊ុននេះបានធានានាំបងខ្ញុំចេញទៅបម្រើការងារស្របច្បាប់នៅក្រៅប្រទេស មិនមែនយកគាត់ទៅធ្វើទារុណកម្មរហូតលែងជាមនុស្សបែបនេះទេ»។ តំណាងក្រុមហ៊ុន PMP មិនអាចទាក់ទងបានទេ នៅព្រឹកថ្ងៃពុធ។
លោក មឿន តុលា ប្រធានកម្មវិធីអង្គការ CLEC ពេលទាក់ទងពីម្សិលមិញប្រាប់ថា លោកនៅមិនទាន់ទទួលបានព័ត៌មាននេះទេ តែថា នឹងចាត់ឲ្យទាក់ទងទៅប៉ូលិសដើម្បីស្រាវជ្រាវករណីនេះ៕
No comments:
Post a Comment