អត្ថបទទាំងស្រុងពី គេហទំព័រ វិទ្យុបារាំង ជាភាសាខ្មែរ
សកម្មជនអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីន ស៊ីណាវ៉ាត់ បានចាប់ផ្តើមឆ្លងដែនចូលមកកម្ពុជាជាបណ្តើរៗហើយនៅពេលនេះ។ មនុស្សពី៣ម៉ឺនទៅ៥ម៉ឺននាក់ ត្រូវគេរំពឹងថានឹងមកជួបជុំជាមួយលោកថាក់ស៊ីន ស៊ីណាវ៉ាត់នៅលើទឹកដីខេត្តសៀមរាបនៅពេលចូលឆ្នាំខ្មែរនេះ។ អភិបាលខេត្តសៀមរាបលោក ស៊ូ ភីរិន្ទបានអះអាងថា អាជ្ញាធរខេត្តបានត្រៀមផ្ទៃដី ២៧ហិចតានៃទីលានអង្គរគ្យុងយូសម្រាប់ការជួបជុំគ្នារវាងលោកថាក់ស៊ីននិងអ្នកគាំទ្ររបស់លោក។
សណ្ឋាគារនិងផ្ទះសំណាក់នៅក្នុងក្រុងសៀមរាបត្រូវបានកក់ពេញអស់ហើយ នេះបើតាមការអះអាងរបស់លោកស៊ូ ភីរិន្ទ អភិបាលខេត្តសៀមរាប ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែលោកអភិបាលខេត្តបញ្ជាក់ថា មិនមែនវត្តមានរបស់ក្រុមអាវក្រហមថៃអ្នកគាំទ្រលោកថាក់ស៊ីន ស៊ីណាវ៉ាត់ដែលជាអ្នកបំពេញបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់នោះនៅក្នុងខេត្តសៀមរាបនោះទេ។ ប៉ុន្តែគឺភ្ញៀវជាតិនិងអន្តរជាតិទូទៅនានានោះទេ ដែលបានកក់បន្ទប់សម្រាប់ការស្នាក់នៅចូលរួមពិធីចូលឆ្នាំខ្មែរនៅសៀមរាបនោះ។
ផ្ទុយទៅវិញ ដើម្បីទទួលក្រុមសកម្មជនអាវក្រហមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អាជ្ញាធរខេត្តសៀមរាបបានត្រៀមទីវាលទំហំ២៧ហិចតានៃទីលានអង្គរគ្យុងយូដើម្បីអោយពួកគេបោះជំរុំនៅទីនោះ។ វត្តមានថៃអាវក្រហមអាចចមានចំនួនពី៣ទៅ៥ម៉ឺននាក់។ អភិបាលខេត្តសៀមរាបលោកស៊ូ ភីរិន្ទបានពន្យល់ថានេះជាសំណើជួបជុំផ្លូវការរបស់ភាគីថៃ។ ដូច្នេះអាជ្ញាធរកម្ពុជាត្រូវរៀបចំទទួលពួកគេ។
នេះគឺជាពីធីជួបជុំលើកទី២រវាងលោកថាក់ស៊ីន និងអ្នកគាំទ្ររបស់ខ្លួននៅលើទឹកដីខេត្តសៀមរាបក្នុងអំឡុងពេលដែលលោកមិនអាចត្រឡប់ចូលមាតុប្រទេសបាននៅឡើយ ចាប់តាំងពីលោកត្រូវបានក្រុមទាហានធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦។
លោកថាក់ស៊ីនមានគម្រោងធ្វើសុន្ទរកថាទៅកាន់អ្នកគាំទ្ររបស់លោកនៅថ្ងៃទី១៥មេសាខាងមុខនេះ។ កាលពីថ្ងៃពុធម្សិលមិញ លោកថាក់ស៊ីនបានស្នាក់នៅក្នុងប្រទេសឡាវហើយបានថ្លែងតាមរយៈ Video Conference មកកាន់អ្នកគាំទ្ររបស់ខ្លួននៅក្នុងក្រុងណងខៃ ដោយនិយាយថា ខ្ញុំមុខជានឹងបានត្រឡប់ទៅមាតុប្រទេសវិញនៅក្នុងឆ្នាំនេះ៕
No comments:
Post a Comment