Saturday, May 26, 2012

[ អយុត្តិធម៍ ] សំរាប់ស្រ្តី​បឹងកក់ ១៣ នាក់​ ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​


ភ្នំពេញ ប៉ុស្តិ៍
 ភ្នំពេញៈ សំឡេង​ស្រែក​ទ្រហោ​យំ​រក​ម្តាយ ទ្រហឹង​អឺង​កង របស់​ក្មេងៗ ជាមួយ​នឹង​ការ​អង្វរករ សូម​ឲ្យ​តុលាការ ដោះ​លែង​ម្តាយ​របស់​ពួក​គេ ហើយ​ម្តាយ​ក៏​ស្រែក​យំ​ហៅ​កូន ចេញ​ពី​បន្ទប់​ចម្រឹង​ដែក​របស់​តុលាការ​មក​វិញ ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​ហេតុការណ៍ មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ហើយ​អ្នក​ខ្លះ​បាន​យំ​​តាម​ដែរ​នោះ វា​មិន​មែន​ជា​រឿង​ល្ខោន ហើយ​ក៏​មិន​មែន​ជា​ឈុត​ថត​ខ្សែ​ភាពយន្ត​សម័យ​ថ្មី​នោះ​ដែរ ប៉ុន្តែ​វា​គឺជា​រឿង​ពិត ដែល​បាន​កើត​ឡើង​ ទៅ​លើ​អ្នក​ភូមិ​បឹងកក់ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ។


ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ការ​ស្រែក​ទ្រហោយំ​ទ្រហឹង​អឺងកង នៅ​ក្នុង​រង្វង់​នៃ​ការ​ហ៊ុមព័ទ្ធ ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ រាប់​រយ​នាក់​នេះ​ មិន​បាន​ផ្លាស់​ប្តូរ​ទឹក​ចិត្ត​របស់​មន្ត្រី​តុលាការ​នោះ​ទេ ដោយ​នៅ​ទី​បំផុត​ ក្រុម​ស្ត្រី​បឹងកក់​ទាំង ១៣​ នាក់ ត្រូវ​បាន​តុលាការ​ កាត់​ឲ្យ​មាន​ទោស ​ក្នុង​ម្នាក់ៗ ចំនួន​ ៣០​ ខែពី​បទ​ជេរ​ប្រមាថ មន្ត្រី​សាធារណៈ និង​រំលោភ​ទន្ទ្រាន​កាន់​កាប់​ដី​របស់​នីតិបុគ្គល​សាធារណៈ បើ​ទោះ​បី​ជា​ស្ត្រី​ទាំង​ ១៣ នាក់ និង​ក្រុម​អ្នក​ភូមិ​បាន​ធ្វើ​ការ​តវ៉ា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​កប់​ពន្លិច​រំលោភ​យក​ផ្ទះ​របស់​ពួក​គាត់ ពី​សំណាក់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ក៏​ដោយ​។ ការ​កាត់​ទោស​ក្រុម​អ្នក​ភូមិ​បឹងកក់ ដែល​សុទ្ធ​តែ​ជា​ស្ត្រី ដែល​ខិតខំ​ប្រឹងប្រែង​តវ៉ា ដើម្បី​ការពារ​ផ្ទះ​របស់​ខ្លួន​ ពី​ការ​ចាក់​ដី​កប់​ពន្លិច ពី​សំណាក់​ក្រុម​ហ៊ុន ស៊ូកាគូអ៊ីន របស់​លោក​ឡាវ ម៉េង​ឃីន សមាជិក​ព្រឹទ្ធ​សភា របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​ត្រឹម​តែ ៣ ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​។



លោក ភូ ពៅ ស៊ុន ​ចៅ​ក្រម​ជំនុំ​ជម្រះ បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ស្ត្រី​ក្នុង​តំបន់​បឹងកក់​ទាំង​ ១៣ ​នាក់​ បាន​ជំនុំ​ជម្រះ​ទោស​រួច​ហើយ​ ដោយ​ម្នាក់​ៗ​ ត្រូវ​មាន​ទោស​រយៈ​ពីរ​ឆ្នាំ​កន្លះ ប៉ុន្តែ​ការ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ មិន​ដូច​គ្នា​ទេ ក្នុង​នោះ ៦ នាក់​ ត្រូវ​អនុវត្តទោស រយៈពេល​ពីរ​ឆ្នាំ ៦ ខែ ហើយ​ ៦ នាក់​អនុវត្ត​ទោស ២​ ឆ្នាំ ព្យួរ​ទោស ​៦ ​ខែ និង​ម្នាក់​ទៀត អនុវត្ត​ទោស ត្រឹម​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ត្រូវ​ព្យួរ​ទោស​រយៈពេល ​១ ឆ្នាំ ៦ ខែ។ លោក​បាន​បញ្ជាក់​ថា៖«ពួក​គេ​ត្រូវ​បាន​បញ្ជូន ទៅ​ដាក់​ពន្ធនាគារ​ហើយ»។ លោក ភូ ពៅ ស៊ុន ​បាន​បិទទូរស័ព្ទ នៅ​ពេល​ដែល​សួរ​ទាក់ទង​នឹង​បទចោទ​ប្រកាន់ ​ទៅ​លើ​ស្ត្រី​ទាំង ១៣ នាក់​នោះ។




ចំណែកឯ លោក​លី សុផាណា ព្រះ​រាជ​អាជ្ញារង​តុលាការ​រាជធានី ដែល​បាន​ចូល​រួម​នៅ​ក្នុង​សវនាការ ​ក្នុង​សំណុំ​រឿង​របស់​ស្ត្រី​បឹងកក់​ទាំង​ ១៣​ នាក់​នោះ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​។




លោក អំ សំអាត ទីប្រឹក្សា​បច្ចេកទេស អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ប្រាប់​អ្នកយក​ព័ត៌មាន នៅ​មុខ​តុលាការ​ថា ក្រុម​ស្ត្រី​ក្នុង​តំបន់​បឹងកក់​ទាំង​ ១៣ ​នាក់ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ «​កាន់កាប់​ដោយ​ខុស​ច្បាប់​ លើ​អចលនវត្ថុ របស់​នីតិបុគ្គល​សាធារណៈ តាម​មាត្រា​ ៣៤ និង​មាត្រា ២៥៩ ​នៃ​ច្បាប់​ភូមិ​បាល» និង​បទ​ចោទ​មួយ​ទៀត គឺ«ប្រឆាំង​អាជ្ញាធរ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា ៥០៤​ នៃ​ក្រម​ព្រហ្មទណ្ឌ»។​

ចំណែក​ឯលោក ហម ស៊ុនរិទ្ធ មេធាវី​ការពារ​ក្តី​ស្ត្រី​បឹងកក់​ទាំង ១៣​ នាក់ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា លោក​បាន​ដើរ​ចេញ​ពី​បន្ទប់​សវនាការ បន្ទាប់​ពី​លោក​ចៅ​ក្រម​ជំនុំជម្រះ ភូ ពៅ ស៊ុន បាន​ច្រាន​ចោល​សំណើរ​បស់​លោក​។



លោក​ថ្លែង​ថា៖«ខ្ញុំ​សម្រេច​ដើរ​ចេញ​ពី​បន្ទប់​ជំនុំ​ជម្រះ​ភ្លាមៗ បន្ទាប់​ពី​សំណើ​របស់​ខ្ញុំ​ចំនួន​ពីរ​គឺ សុំ​លើក​ការ​ជំនុំជម្រះ​ទៅ​ថ្ងៃ​ក្រោយ និង​សុំ​បង្ហាញ​សាក្សី​ដោះ​បន្ទុក ត្រូវ​បាន​ច្រាន​ចោល​ដោយ​ចៅ​ក្រម​ជំនុំ​ជម្រះ ព្រោះ​យើង​គ្មាន​ពេល​គ្រប់គ្រាន់ ដើម្បី​សិក្សា​លើ​សំនុំ​រឿង​ចោទ​ប្រកាន់​មក​លើ​កូន​ក្ដី​របស់​ខ្ញុំ​ទេ​»។ លោក​បាន​បន្ថែម​ថា៖«ខ្ញុំ​នឹង​ទៅ​ជួប​កូនក្តី​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ដាក់​បណ្ដឹង​ឧទ្ធរណ៍ ចំពោះ​ការ​សម្រេច​នេះ ប្រសិន​បើ​ពួក​គេ​យល់​ព្រម»។

កាលពី​ព្រឹក​ម្សិលមិញ អ្នក​ភូមិ​បឹងកក់​ប្រមាណ ៥០ នាក់ រួម​ជាមួយ​នឹង​ក្មេងៗ​ជាច្រើន​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ ដោះ​លែង​តំណាង​ទាំង ១៣ ​នាក់​របស់​ពួក​គេ ខណៈក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ រាជធានី​ភ្នំពេញ​ប្រមាណ​ជាង ​២០០​ នាក់ ដែល​ប្រដាប់​ដោយ​ដំបង ខែល កាំភ្លើង​ខ្លី កាំភ្លើង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក បាន​ធ្វើ​ការ​ឡោមព័ទ្ធ ដោយ​មាន​ការ​បិទ​ផ្លូវ​មួយ​ចំនួន​ជុំវិញ​តុលាការ។ សវនាការ​ពេញ​មួយ​ថ្ងៃ រហូត​ដល់​ម៉ោង​ ៥ និង​ ១០​ នាទី ល្ងាច ក្រុម​អ្នក​តវ៉ា​ដែល​បាន​យំ​សោក​បោក​ខ្លួន​ពេញ​មួយ​ថ្ងៃ​ដែរ​នោះ​ អ្នក​ខ្លះ​បាន​ដួល​សន្លប់ ព្រោះ​តែ​តក់​ស្លត់​ខ្លាំង​ពេក ខណៈ​សមត្ថកិច្ច​បាន​ដឹក​តំណាង​ពួក​គេ​ទាំង​ ១៣​ នាក់​តាម​រថយន្ត​មីនី​បើស ពណ៌ស ចំនួន ២ គ្រឿង ​នាំមុខ​ដោយ​រថយន្ត​ភីកអាប់ និង​ម៉ូតូ​អម​ពី​គ្រឿង ចេញ​តាម​ច្រក​ទ្វារ​ខាង​លិច​ឆៀង​ខាង​ត្បូង ដើម្បី​យក​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស ។

សំឡេង​ស្រែក​ថា «អយុត្តិធម៌​ណាស់! អយុត្តិធម៌​ណាស់!» បាន​លាន់​ឮ​យ៉ាង​កង​រំពង នៅ​ក្នុង​រង្វង់​នៃ​ការ​ហ៊ុមព័ទ្ធ​របស់​សមត្ថកិច្ច​រាប់​រយ​នាក់​នោះ​។

វិវាទ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​ក្នុង​តំបន់​បឹងកក់ បាន​ចាប់​ផ្ដើម ក្រោយ​ពេល​លោក​កែប ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​កិច្ច​សន្យា​ជួល​ដី​តំបន់​បឹងកក់​ក្នុង​រយៈ​ពេល​ ៩៩ ​ឆ្នាំ​ ទៅ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន របស់​លោក​ឡាវ ​ម៉េង​ឃីន ​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​ ២០០៧ ក្នុង​តម្លៃ​តែ​ជាង ៧២ លាន​ដុល្លារ​ប៉ុណ្ណោះ​ ដើម្បី​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​។ គម្រោង​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ ងើប​តវ៉ា យ៉ាង​ក្តៅ​គគុក ចាប់​តាំង​ពី​ពេល​នោះ​មក នៅ​ពេល​ដែល​ក្រុមហ៊ុន​របស់​លោក​ឡាវ ម៉េង​ឃីន បាន​ចាប់​ផ្តើម​បូម​ខ្សាច់​កប់​ពន្លិច​ផ្ទះ​របស់​ពលរដ្ឋ​ជា​បន្ត​បន្ទាប់​ ទាំង​អ្នក​បង្ខំ​ចិត្ត​ទទួល​យក​សំណង និង​អ្នក​ដែល​មិន​ព្រម​ទទួល​យក​សំណង៕

No comments:

Post a Comment