ខេត្តកោះកុង ៖ អំពើហិង្សាដ៏សាហាវព្រៃផ្សៃបំផុតមួយ រវាងអ្នកមានបណ្តាស័ក្តិខ្ពង់ខ្ពស់ម្នាក់ រួមជាមួយអង្គរក្ស៣នាក់ ប្រព្រឹត្តអមនុស្សធម៌ទៅលើអ្នកតូចទាប ដោយវាយទាត់ធាក់តាមចិត្ត និងឆក់ដោយដំបងអគ្គិសនី កាលពីយប់ថ្ងៃទី២២ មេសា ២០១២ នៅសណ្ឋាគារមួយនៅខេត្តកោះកុង ។
លោកអ្នកអានបានទស្សនាឈុតសាហាវនេះ ប្រាកដជាក្តុកក្តួលរន្ធត់ក្នុងចិត្តខ្លាំងណាស់ ព្រមទាំងមិនគាំទ្រនូវបុគ្គលមួយក្រុមនេះឡើយ ។ ទុកឱ្យច្បាប់ដោះស្រាយតាមការគួរទៅចុះ ដើម្បីឱ្យរាងចាលក្នុងជីវិតរបស់គាត់ ដែលធ្លាប់រស់នៅយ៉ាងខ្ពង់ខ្ពស់ និងបរិបូរណ៍គ្រប់វិស័យ មិនគួរប្រព្រឹត្តអំពើដែលមនុស្សជាតិស្អប់ខ្ពើមបែបនេះឡើយ។
គួរកត់សម្គាល់ថា អ្នកដែលត្រូវគេវាយ ទាត់ធាក់ គឺជាជនដែលគ្មានកំហុសសោះ ។មន្ត្រីយោធាផ្កាយ២ មួយរូប ដែលគេស្គាល់ថា ជើងខ្លាំងរកស៊ី... នៅខេត្តព្រះវិហារ និងអង្គរក្ស៣នាក់ ត្រូវបានចៅក្រមសាលាដំបូងខេត្តកោះកុង ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារកាលពីរសៀលថ្ងៃទី២៥ មេសា ២០១២ បន្ទាប់ពីលោកផ្កាយ២ម្នាក់នេះ និងអង្គរក្សច្រើននាក់វាយដំច្រំធាក់ទៅលើបុរស៤នាក់ ព្រមទាំងយកដំបងមកឆក់សាហាវព្រៃផ្សៃ ដោយសាររឿងទៅគោះទ្វារបន្ទប់សណ្ឋាគារប្រពន្ធរបស់គាត់ស្នាក់នៅ ហើយសួររកខ្សែ.កដែលបាត់ទាំងអធ្រាត្រ ។
រឿងហេតុវាយដំច្រំធាក់ទៅលើបុរស៤នាក់ ក្នុងនោះមានមន្ត្រីប៉េអឹម និងសន្តិសុខសណ្ឋាគារផងនោះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២២ មេសា ២០១២ ហើយនៅយប់ដដែលនោះលោកផ្កាយ២បានចាប់បុរស៤នាក់ ដែលខ្លួនសង្ស័យថា មានគម្រោងមិនស្រួល លុះប្រគល់ជូនប៉ូលិស ។ លុះព្រឹកឡើងថ្ងៃទី២៣ មេសា ២០១២ បុរស៤នាក់បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចោទប្រកាន់ពីបទធ្វើទារុណកម្ម ឬប៉ុនប៉ងមនុស្សឃាតដោយមានរូបភាពខ្សែអាត់វីដេអូ (វីដេអូឃ្លីប) ជាភស្តុតាងបញ្ជាក់ពីសកម្មភាពវាយដំច្រំធាក់ផងដែរ ។
ថ្ងៃទី ២៤ មេសា ២០១២ ប៉ូលិសព្រហ្មទណ្ឌខេត្តកោះកុង បានហៅលោកផ្កាយ២ ដែលនាំភរិយាទៅ វិស្សមកាលនៅខេត្តកោះកុងនោះ ទៅសាកសួរជុំវិញរឿងវាយដំច្រំធាក់ព្រៃផ្សៃ ដោយប៉ូលិសសំអាងទៅលើភស្តុតាងខ្សែអាត់វីដេអូរបស់សណ្ឋាគារដែលមើលទៅឃើញសកម្មភាពវាយដំច្រំធាក់គួរឱ្យញាក់សាច់ ។ រហូតដល់ថ្ងៃទី ២៥ មេសា ២០១២ វេលារសៀលបន្តិចទៅហើយ ចៅក្រមសាលាដំបូងខេត្តកោះកុង រិះរកមធ្យោបាយជួយលោកផ្កាយ២ មិនបានដោយសារតែឃើញខ្សែអាត់វីដេអូបង្ហាញពីសកម្មភាពវាយដំច្រំធាក់ព្រៃផ្សៃជាក់ស្តែងពេកក៏សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោកផ្កាយ២ បណ្តោះអាសន្ននៅពន្ធនាគារតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
hmmmmmmmmmm nis hoy khmer
ReplyDelete